សម្រេចចាត់ការតាមច្បាប់ ចំពោះករណីគ្រឿងញៀនខុសច្បាប់ និងធ្វើចរាចរណ៍សន្និធិអាវុធគ្រឿងផ្ទុះ

ខេត្តព្រះសីហនុ៖ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានប្រកាសឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែ តុលានេះថា ជនជាតិចិន៩នាក់ដែលកម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹកបង្ក្រាបបាននៅលើផ្ទៃសមុទ្រករណីដឹកជញ្ជូនគ្រឿងញៀនជិត១តោន និងអាវុធខុសច្បាប់ ត្រូវបានតំណាងអយ្យការខេត្តព្រះសីហនុចាត់ការតាមផ្លូវច្បាប់។
អយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានទទួលនិងចាត់ការតាមផ្លូវច្បាប់សំណុំរឿងព្រហ្មទណ្ឌចំនួន២ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនខុសច្បាប់ និងករណីធ្វើចរាចរណ៍រួមទាំងសន្និធិអាវុធគ្រឿងផ្ទុះដោយគ្មានការ អនុញ្ញាត។
ករណីនេះបានកើតឡើងនៅចំណុចឆ្នេរព្រែកចាក ភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ចាប់ពីអំឡុងខែសីហា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់ជនជាតិចិនទាំង៩នាក់នេះរួមមាន៖ ឈ្មោះ WANG YI FAN, XU TAO, HAN YANG, XIA QIAN FA, HONG PENG FEI, LIU JIA, XIANG HUA, SHENG ZHUANG និង CHU WEN BIN ត្រូវបានចោទប្រកាន់ជាផ្លូវការពីសំណាក់តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០០:១០នាទី លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដាក់បណ្ដាញសម្ងាត់ជាច្រើនថ្ងៃ រហូតឈានដល់ការកំណត់មុខសញ្ញានិងកំណត់គោលដៅជាក់លាក់ ហើយបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់នៅម្ដុំកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិស ភូមិភាគទី៣ ទី៤និងទី៥ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងសំខាន់ៗជាច្រើនរួមមាន៖ សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ប្រមាណ ៩០០គីឡូក្រាម អាវុធវែង-ខ្លី ចំនួន ៤៩ដើម (វែង ១០ដើម ខ្លី៣៩ដើម) សម្ភារៈពាក់ព័ន្ធនឹងអាវុធដូចជា បង់អាវុធ ១០៨បង់ គ្រាប់អាវុធ៧៩៣៧គ្រាប់ និងស៊ីឡង់ស្យឺ ៨ដើម។
ក្រៅពីនេះក៏មានមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន រួមមានអូប័រ១គ្រឿង រថយន្ត២គ្រឿង និងម៉ូតូ៣គ្រឿង ព្រមទាំងវត្ថុចាប់យកផ្សេងៗទៀតដែលបម្រើឱ្យសកម្មភាពល្មើសខាងលើ៕

You might also like