ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ជាមួយក្រុមការងារធនាគារពិភពលោក
នៅទីស្តីការក្រសួង ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាន ក្នុងក្របខណ្ឌគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ជាមួយក្រុមការងារបច្ចេកទេសនៃធនាគារពិភពលោក (World Bank) ដឹកនាំដោយលោក Michael Webster នាយកប្រតិបត្តិការនៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ព្រមទាំងរៀបចំផែនការសកម្មភាពបន្តឱ្យកាន់តែមានភាពច្បាស់លាស់ ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលតាមការរំពឹងទុក ដោយប្រកាន់ខ្ជាប់នូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលតែងតែគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ឯកឧត្តមសង្កត់ធ្ងន់ថា លទ្ធផល និងអនុសាសន៍នៃកិច្ចប្រជុំនេះ ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្តគម្រោងឱ្យចំទិសដៅ ដើម្បីលើកកម្ពស់ការគ្រប់គ្រងវិស័យធនធានទឹក ឧតុនិយម និងបង្កើនសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព៕







