អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលការផ្សាយរបស់សារព័ត៌មានថៃ និងទាមទារឱ្យ លោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិត ករណីចោទថាកងកម្លាំងកម្ពុជាបាញ់ប្រហារមុន

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់សារព័ត៌មានថៃ Top News ដែលបានដកស្រង់សម្តីអតីតមន្ត្រីជាន់ខ្ពស់ថៃ ចោទប្រកាន់ថាកងកម្លាំងកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ព្រមទាំងបានដាក់ឱសានវាទ និងទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតជាបន្ទាន់ចំពោះរឿងនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ Top News បានចេញផ្សាយបទសម្ភាសន៍ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខាធិការរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយបុគ្គលរូបនោះបានអះអាងថា៖ «កាលពី២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា បានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ» ដែលព័ត៌មាននេះ ត្រូវបានអ្នកលេងបណ្តាញសង្គមយកទៅចែកចាយ និងធ្វើអត្ថាធិប្បាយយ៉ាងផុសផុល។
ជុំវិញការលើកឡើងខាងលើ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធទាំងស្រុងចំពោះការលើកឡើងខុសពីការពិតជាក់ស្តែងនេះ ដោយបានបញ្ជាក់ជាថ្មីម្តងទៀតយ៉ាងច្បាស់ថា គឺភាគីថៃជាអ្នកបើកការបាញ់ប្រហារមកលើដីកម្ពុជាមុន។ បញ្ហានេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងក្រសួងការពារជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់យ៉ាងច្បាស់លាស់ និងមានភស្តុតាងរឹងមាំរួចរាល់ហើយ។
ក្នុងន័យនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតជាសាធារណៈ ដោយបានកំណត់នូវលក្ខខណ្ឌចំនួន ៣ រួមមាន៖
១. ក្នុងករណីដែលលោក សម រង្ស៊ី មិនបាននិយាយដូចការផ្សាយរបស់សារព័ត៌មានថៃនោះទេ លោក សម រង្ស៊ី ត្រូវតែចេញមុខបដិសេធជាផ្លូវការចំពោះការផ្សាយព័ត៌មាននេះ។
២. ប្រសិនបើពិតជាបាននិយាយដូចការផ្សាយមែននោះ លោក សម រង្ស៊ី ត្រូវតែចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈជាចាំបាច់ ពីព្រោះការនិយាយបែបនេះគឺជា «អំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរមួយ»។
៣. ក្នុងករណីដែលលោក សម រង្ស៊ី គេចវេះមិនព្រមចេញមុខបដិសេធជាផ្លូវការនូវអ្វីដែលសារព័ត៌មានថៃបានចុះផ្សាយទេនោះ វាមានន័យស្មើនឹង «លោក សម រង្ស៊ី ពិតជាបាននិយាយដូច្នេះមែន»។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្តែងនូវក្តីសង្ឃឹមថា លោក សម រង្ស៊ី នឹងមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការចេញមុខមកបំភ្លឺការពិតលើករណីនេះចំពោះមុខប្រជាជាតិខ្មែរទាំងមូល៕

You might also like