កុមារ ៥នាក់ លង់ទឹកសមុទ្រនៅខេត្តកំពត ខណៈសមត្ថកិច្ចជួយសង្គ្រោះបាន ៤នាក់ និងម្នាក់បានបាត់បង់ជីវិត
កំពត៖ កាលពី ល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ កុមារចំនួន ៥នាក់បានលង់ទឹកសមុទ្រ បន្ទាប់ពីចុះលេងទឹកនៅចំណុចព្រែកកំពង់បាយ ក្នុងភូមិសាស្ត្រខេត្តកំពត ដោយសាររលកសមុទ្រធំៗបោកបក់។ ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ច និងក្រុមម៉ូតូទឹកបានអន្តរាគមន៍ជួយសង្គ្រោះកុមារបានចំនួន ៤នាក់ ខណៈកុមារប្រុសម្នាក់បានបាត់បង់ជីវិត។
ប្រភពព័ត៌មានបានបញ្ជាក់ថា កុមារដែលបានបាត់បង់ជីវិតមានឈ្មោះ អែម ភក្តី អាយុ ៧ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយកើតហេតុ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចេញអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។
ក្រោយពីសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានធ្វើកោសល្យវិច័យ សមត្ថកិច្ចបានបញ្ជាក់ថា កុមាររូបនេះពិតជាបានស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕






