លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា បានអញ្ជើញទស្សនាទីក្រុងចាស់ (Old City) ដែលជាតំបន់ទីក្រុងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ស្ថិតក្នុងរដ្ឋធានីបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ កាលពីរសៀលថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកជំទាវបណ្ឌិត ចំពោះបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ប្រទេសអាស៊ែបៃហ្សង់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានអញ្ជើញទស្សនាកន្លែងសំខាន់ៗជាច្រើន រួមមាន Maiden Tower, DASTAN-Traditional Craft Masterclass, Multani និង Bukhara Caravanserais, Icherisheher Community Centre, Workshop of Master Mirteymur Mammadov, Museum of the Palace of the Shirvanshahs, និង Teapot Museum។ ការទស្សនាកន្លែងទាំងនេះ បានផ្តល់នូវការយល់ដឹងស៊ីជម្រៅអំពីសិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនអាស៊ែបៃហ្សង់។
ដំណើរទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅកាន់ទីក្រុងចាស់ នៃរដ្ឋធានីបាគូ មិនត្រឹមតែជាការស្វែងយល់ពីវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ផងដែរ។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការអភិរក្សបេតិកភណ្ឌ និងការចែករំលែកចំណេះដឹងវប្បធម៌រវាងប្រទេសនានា។

You might also like