សមរភូមិក្រោយ ជួយសមរភូមិមុខ! អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា «បេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ» ជូនកងទ័ពនៅសមរភូមិមុខទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកស្រី នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា «បេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ» ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៅកងពលតូចថ្មើរជើងលេខ៤២ ក្នុងភូមិសាស្ត្រទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសសំណេះសំណាលជាមួយកងទ័ព នាឱកាសនោះ លោក វ៉ី សំណាង បានសម្ដែងការកោតសរសើរ ចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងឈរជើងនៅសមរភូមិមុខទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី ដោយមិនឱ្យមានសត្រូវចូលមកឈ្លានពានទឹកដីកម្ពុជាបានឡើយ។
លោកអភិបាលខេត្តតាកែវ បានបញ្ជាក់បន្តថា ក្នុងនាមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលនៅសមរភូមិក្រោយ នឹងបន្តឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារគ្រប់បែបយ៉ាងជូនបងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ ហើយយើងក៏នឹងបន្តយកចិត្តទុកដាក់ជួយទំនុកបម្រុងក្រុមគ្រួសារបងប្អូនវីរៈកងទ័ពនៅមូលដ្ឋានផងដែរ។
គួរបញ្ជាក់ថា សម្ភារ និងថវិកា ដែលលោកអភិបាលខេត្តតាកែវ នាំយកមកឧបត្ថម្ភដល់បងប្អូនវីរកងទ័ព រួមមាន៖ អង្ករ ៣តោន, មីជាតិ ២៥៥កេស, ទឹកសុទ្ធ ២០០កេស, ទឹកក្រូច និងទឹកផ្លែឈើ ១៤០កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ ២១០យួរ, នំអន្សម ១៧៥០នំ, នំជៀល ៧៣៥នំ, នំចាំង ៦០គីឡូ, អាល់កុល ៥កាន និងថវិកា ២០,០០០,០០០រៀល៕

You might also like