សមត្ថកិច្ចឃាត់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្តម្នាក់ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលើអតីតបុគ្គលិកលក់គ្រឿងបន្លាស់ម្នាក់ពីបទ«រំលោភទំនុកចិត្តពិសេសដោយអភិបាល»ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញាត្តិ មាត្រា៣៩១ និងមាត្រា៣៩៣នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៩១អយញ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលអង្គភាពយើងទទួលបាន។
សូមជម្រាបជូនថា,កន្លងមកក្រុមហ៊ុនតែងតែទុកឱកាសនិងពេលវេលាអស់ជាច្រើនឆ្នាំមកហើយដោយឲ្យអតីតបុគ្គលិកខាងលើ រកប្រាក់មកឲ្យក្រុមហ៊ុនវិញ ប៉ុន្តែរូបគេនៅតែបន្តគេចវេសមិនបានរកប្រាក់ប្រគល់ត្រឡប់ឲ្យក្រុមហ៊ុនវិញឡើយ ទើបក្រុមហ៊ុនសម្រេចដាក់ពាក្យប្ដឹងតែម្ដង លុះដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានការជំនុំជម្រះជាសាធារណៈ និងធ្វើការប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដោយសម្រេច ៖
១,ផ្តន្ទាទោសជនជាប់ចោទឈ្មោះ យ៉ាត រតនា ដាក់ពន្ធនាគារ០២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤.០០០.០០០(បួនលាន)រៀល ពីបទ«រំលោភទំនុកចិត្តពិសេសដោយអភិបាល»។
២,បង្គាប់ឲ្យជនជាប់ចោទសងប្រាក់ឲ្យក្រុមហ៊ុនចំនួន៩.២៨៩(ប្រាំបួនពាន់ពីររយប៉ែតសិបប្រាំបួន)ដុល្លាររ និងប្រាក់ជម្ងឺចិត្តចំនួន៥.០០០.០០០(ប្រាំលាន)រៀន។
គួរបញ្ជាក់ផងដែរថា,អតីតបុគ្គលិកខាងលើ បានបំពារបំពានទៅលើទ្រព្យសម្បត្តិក្រុមហ៊ុនដោយឲ្យទទួលខុសត្រូវដើរលក់គ្រឿងបន្លាស់តាមដេប៉ូ និងយានដ្ឋាន មានបុគ្គលិកម្នាក់ទៀតទៅជាមួយគ្នា ហើយបានរួមគំនិតគ្នាដកប្រាក់ ។
ជាក់ស្ដែកនៅពេលចុះលក់នៅតាមបណ្ដារាជធានីខេត្ត បុគ្គលិកមានកាតព្វកិច្ចត្រូវប្រមូលប្រាក់ពីអតិថិជនដើម្បីទូទាត់ឲ្យក្រុមហ៊ុនវិញ ដោយសារប្រាក់បង្វិលចូលក្រុមហ៊ុនមានការយឺតយ៉ាវ និងខុសប្រក្រតី ក្រុមហ៊ុនការសង្ស័យថាអតីតបុគ្គលិករូបនោះបានប្រមូលប្រាក់ហើយ តែមិនបានយកមកទូទាត់ក្រុមក្រុមហ៊ុន បែរជាយកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។
ក្រោយមកក្រុមហ៊ុនបានស្វែងរកការពិតនិងពិនិត្យផ្ទៀងផ្ទាត់ជាមួយជាអតិថិជនទើបដឹងថាអតីតបុគ្គលិករូបនោះបានកឹបកេង ដកហូត និងគៃបំបាត់ប្រាក់ក្រុមហ៊ុនរបស់ក្រុមហ៊ុនអស់ចំនួន១៤.៤៨៩(មួយម៉ឺនបួនពាន់ប៉ែតសិបប្រាំបួន)ដុល្លារ៕






