ក្រុមក្មេងទំនើងប្រុសស្រីជាង ៣០នាក់ ដេញវាយនិងកាប់យុវជន ២នាក់ បណ្ដាលឱ្យរងរបួស និងបំផ្លាញម៉ូតូ ២គ្រឿង នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យុវជន ២នាក់បានរងរបួសស្រាល ខណៈម៉ូតូចំនួន ២គ្រឿងត្រូវបានក្រុមក្មេងទំនើងកាប់បំផ្លាញ បន្ទាប់ពីក្រុមនេះមានគ្នាប្រុសស្រីជាង ៣០នាក់ ជិះម៉ូតូជាច្រើនគ្រឿងដេញវាយ និងកាប់ប្រហារយុវជនទាំងពីរ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា ពួកគេទាំងពីរនាក់បានជិះម៉ូតូចំនួន ២គ្រឿង ដោយមួយគ្រឿងម៉ាក Suzuki Nex និងមួយគ្រឿងទៀតម៉ាក Honda Scoopy ចេញពីម្ដុំផ្លូវ២០០៤ ក្នុងគោលបំណងធ្វើដំណើរត្រឡប់ទៅផ្ទះនៅម្ដុំផ្លូវសឡា។
ប្រភពដដែលបានបន្តថា ខណៈកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែមានក្រុមក្មេងទំនើងប្រុសស្រីប្រមាណជាង ៣០នាក់ ជិះម៉ូតូជាច្រើនគ្រឿងដេញតាមវាយ និងកាប់ប្រហារពួកគេ ដោយពួកគេមិនបានដឹងពីមូលហេតុច្បាស់លាស់នោះទេ។
ដោយមានការភ័យខ្លាច ជនរងគ្រោះបានជិះម៉ូតូទៅដល់ស្ថានីយប្រេងឥន្ធនៈតេលាខាងលើ រួចផ្ដួលម៉ូតូ និងរត់គេចខ្លួន។ ប៉ុន្តែក្រុមជនបង្កបានដេញតាមទៅដល់ ហើយកាប់បំផ្លាញម៉ូតូទាំង ២គ្រឿង បណ្ដាលឱ្យរងការខូចខាត។ មិនតែប៉ុណ្ណោះ ក្រុមជនបង្កបានដេញកាប់ជនរងគ្រោះរហូតដល់ក្នុងបន្ទប់ទឹក បណ្ដាលឱ្យរងរបួសត្រង់ខ្នងស្រាលផងដែរ។ ក្រោយធ្វើសកម្មភាពហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរួច ក្រុមជនបង្កបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចខណ្ឌបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសាកសួរព័ត៌មានពាក់ព័ន្ធនឹងហេតុការណ៍ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមជនបង្ក និងចាត់ការតាមនីតិវិធីច្បាប់៕






