បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបីនាក់
ខេត្តកណ្ដាល÷ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ដោយឃាត់ខ្លួនជនសង្ស័យបីនាក់។
នៅថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងមានលទ្ធផលតេស្តទឹកនោមរកសារធាតុញៀនវិជ្ជមាន (+) រួមមាន ៖
១- ឈ្មោះ ស៊ឺន ស៊ាំង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមព័ត៌មានដែលទទួលបាន ជនសង្ស័យរូបនេះបានប្រើប្រាស់គ្រឿង ញៀនជាច្រើនលើក ក្នុងរយៈពេលប្រមាណ ០២ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន១លើក រយៈពេល ០៣ ឆ្នាំ ពាក់ព័ន្ធនឹងបទលួចមានស្ថានទម្ងន់ទោស (ឆក់)។
២- ឈ្មោះ ហេង វ៉ាអ៊ីហួយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមព័ត៌មានដែលទទួលបាន ជនសង្ស័យរូបនេះបានប្រើ ប្រាស់គ្រឿងញៀនជាច្រើនលើក ក្នុងរយៈពេលប្រមាណ ០១ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារចំនួន ០៣លើក រួមមាន៖
* លើកទី១៖ នៅពន្ធនាគារព្រៃស រយៈពេល ០៣ឆ្នាំ ពាក់ព័ន្ធនឹងបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
* លើកទី២៖ នៅខេត្តកណ្តាល រយៈពេល ០២ឆ្នាំ ពាក់ព័ន្ធនឹងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
* លើកទី៣៖ នៅខេត្តកណ្តាល រយៈពេល ០៤ឆ្នាំ ពាក់ព័ន្ធនឹងបទលួចមានស្ថានទម្ងន់ទោស (ឆក់)។
៣- ឈ្មោះ ជួប ភារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ តាមព័ត៌មានដែលទទួលបាន ជនសង្ស័យរូបនេះបានប្រើប្រាស់គ្រឿងញៀនជាច្រើនលើក ក្នុងរយៈពេលប្រមាណ ០៣ខែ។
៣. វត្ថុតាងដកហូត៖
* ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច ទម្ងន់ ០,១២ក្រាម។
* ទូរស័ព្ទដៃចំនួន ០៣គ្រឿង រួមមាន៖
ម៉ាក TECNO SPARK ពណ៌ស។
ម៉ាក OPPO ពណ៌ផ្ទៃមេឃ។
ម៉ាក realme ពណ៌ខ្មៅ។
* ដាវកែច្នៃចំនួន ០១ដើម។
* សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
មុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍តាម កម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំនួន ០៤បណ្តឹង ដែលពាក់ព័ន្ធនឹងករណីតែមួយ និងទីតាំងតែមួយ នៅចំណុចភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ព្រម ទាំងដកហូតវត្ថុតាង រួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច ទូរស័ព្ទដៃចំនួន ០៣គ្រឿង ដាវកែច្នៃចំនួន ០១ដើម និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសាកសួរ និងអនុវត្តនីតិវិធីបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់ បានឆ្លើយសារភាពថា ពួកគេបានចូលលុយគ្នាទិញគ្រឿងញៀនចំនួន ០១កញ្ចប់តូច ពីមុខសញ្ញាមិនស្គាល់អត្តសញ្ញាណម្នាក់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងតម្លៃ ១០.០០០រៀល ដើម្បីយកមកប្រើប្រាស់រួមគ្នា។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕






