គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា អញ្ជើញចូលរួមពិធីបើកសប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន លើកទី៨ នៅទីក្រុងប៉ីហៃ
(ប៉ីហៃ, ក្វាងស៊ី)៖ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើក «សប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន លើកទី៨» (The 8th ASEAN-China Media Week) ដែលបានប្រព្រឹត្តទៅយ៉ាងមហោឡារិក នៅទីក្រុងប៉ីហៃ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន (NRTA) និងរដ្ឋបាលប្រជាជននៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នព័ត៌មាន ស្ថាប័នវិទ្យុ-ទូរទស្សន៍ និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងចិនយ៉ាងច្រើនកុះករ។
ការអញ្ជើញចូលរួមរបស់គណៈប្រតិភូនាឱកាសនេះ គឺធ្វើឡើងតបតាមការអញ្ជើញជាផ្លូវការរបស់ភាគីចិន បន្ទាប់ពីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន (NRTA) ទើបតែបានបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ទ្វេភាគីប្រកបដោយផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់។ វត្តមានរបស់តំណាងកម្ពុជាក្នុងវេទិកាតំបន់នេះ បានបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ព្រមទាំងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈវិស័យព័ត៌មាន និងសោតទស្សន៍។
នៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន លើកទី៨ នេះ មានការរៀបចំនូវសកម្មភាពសំខាន់ៗជាច្រើន រួមមាន៖ វេទិកាពិភាក្សាកម្រិតខ្ពស់ស្តីពីការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI), ការតាំងពិព័រណ៍បច្ចេកវិទ្យាផ្សព្វផ្សាយទំនើប (Ultra-HD/5G), សប្តាហ៍ចាក់បញ្ចាំងស្នាដៃភាពយន្តឯកសារ និងរឿងភាគល្បីៗរបស់អាស៊ាន និងចិន, ព្រមទាំងការលើកកម្ពស់កិច្ចសហការផលិត និងការផ្លាស់ប្តូរមាតិកាសោតទស្សន៍ឆ្លងដែន។
តាមរយៈព្រឹត្តិការណ៍នេះ គណៈប្រតិភូកម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាញទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជា ពិសេសការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មី និងការចាប់យកបច្ចេកវិទ្យាឌីជីថលទំនើបៗបម្រើដល់ការផ្សព្វផ្សាយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា «សប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន» (ASEAN-China Media Week) គឺជាយន្តការសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្រិតតំបន់ដ៏សំខាន់ ដែលត្រូវបានបង្កើតឡើង និងរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៩ មក ដើម្បីដើរតួជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងជំរុញសមាហរណកម្មឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងសោតទស្សន៍រវាងអាស៊ាន និងចិនឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ៕






