លោកជំទាវ ញ៉ែម មរកត ស្នើសមត្ថកិច្ចចាប់ខ្លួនបុគ្គលដែលប្រើហិង្សា និង ទង្វើគ្មានកេរ្តិ៍ខ្មាស នោមដាក់មនុស្សស្រី
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីហួសចិត្ត ចំពោះវីដេអូដែលកំពុងផ្ទុះការចែករំលែកនៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពបុរសម្នាក់ បានប្រើអំពើហិង្សាដាក់មនុស្សស្រី ព្រមទាំងបាននោមដាក់ ជាសកម្មភាពដ៏អសីលធម៌បំផុត នៅក្នុងសង្គម។
តាមរយៈវីដេអូប្រមាណជាង ១០ វិនាទី ដែលកំពុងចែកចាយនៅលើបណ្ដាញសង្គម បានបង្ហាញពីសកម្មភាពបុរសដ៏អសីលធម៌ម្នាក់ បានប្រើអំពើហិង្សាយ៉ាងដំណំ ទៅកាន់មនុស្សស្រី ព្រមទាំងបានឈរនោមដាក់ទៀតផង ជាទង្វើបៀតបៀនដ៏គួរឱ្យស្អប់ខ្ពើម ដោយមហាជនសង្ឃឹមថា សមត្ថកិច្ច និង វែកមុខជនអសីលធម៌ខាងលើ យកទៅទទួលទោសតាមផ្លូវច្បាប់។
ក្នុងនោះ បើតាមគណនីរបស់លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក៏បានចែករំលែកវីដេអូខាងលើ ដោយបានភ្ជាប់ជាមួយសារថា «មានរឿងប្លែករហូត វាយហើយនោម!! ស្នើសមត្ថកិច្ចចាប់ខ្លួនអាពាលកំពូលឈ្លើយ កំពូលថោកទាបនេះមកដាក់ទោស!!»៕






