ផឹកស៊ីរំខានអ្នកជិតខាង បុរសម្នាក់អះអាងថា ជាទាហាន ជេរសមត្ថកិច្ច និងគំរាមយកកាំភ្លើងមកបាញ់ទៀតផង!
ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនៅខណ្ឌឫស្សីកែវ! បន្ទាប់ពីសមត្ថកិច្ចចុះស្នើឱ្យបន្ថយសំឡេងបាស់ ព្រោះយប់ជ្រៅរំខានអ្នកជិតខាង បុរសម្នាក់ដែលអះអាងថាខ្លួនជាទាហាន បានជេរប្រមាថសមត្ថកិច្ច និងគំរាមទៅយកកាំភ្លើងមកបាញ់ទៀតផង! មិនតែប៉ុណ្ណោះ ប្រពន្ធរបស់បុរសរូបនេះក៏ត្រូវបានរាយការណ៍ថា បានវាយស្ត្រីជាម្ចាស់ហាង បណ្តាលឱ្យរងរបួសផងដែរ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ១២:១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវលេខ៥៥៩ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានព្យាយាមសម្របសម្រួល ប៉ុន្តែបុរសរូបនេះ នៅតែបន្តជេរប្រមាថ មុនចូលទៅក្នុងផ្ទះបាត់។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕






