កម្ពុជា-បារាំង រៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព លើគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព លើគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា, នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើកឡើងថា គម្រោងនេះបានចាប់ផ្តើមរូបរាងឡើងក្រោយមានមតិណែនាំ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោនាចុងអណត្តិទី៦ និងបន្ទាប់ពីជំនួបកំពូលរបស់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមប្រធានាធិបតីបារាំង។ ជាបន្តបន្ទាប់គម្រោងនេះទទួលបានការគាំទ្រ និងការផ្តល់ជា គោលការណ៍អនុវត្តរបស់សម្តេចធិបតី ព្រមទាំងការគាំទ្រដ៏មានតម្លៃរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ នៅក្នុងបរិបទនេះហើយដែលការសិក្សាសមិទ្ធិលទ្ធភាព «គម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិ» ដែលកិច្ចសហការផ្ទាល់ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថានទូតបារាំងនៅភ្នំពេញ ជាមួយនឹងថវិកា៩០ម៉ឺនយូរ៉ូ។
លោកជំទាវ រដ្ឋមន្រ្តី បានបន្ថែមថា ការសិក្សានេះ ផ្តោតលើវត្ថុបំណងសំខាន់បី គឺ៖ទី១. សិក្សាលម្អិតទៅលើសមុច្ច័យគ្រប់ប្រភេទ(វត្ថុបុរាណ) ដែលកំពុងតាំងបង្ហាញនៅតាមសារមន្ទីរ ដើម្បីកំណត់ឱ្យបាននូវតម្រូវការចាំបាច់ក្នុងការជ្រើសរើសយកមកតាំងបង្ហាញឱ្យអស់សក្តានុពល ហើយ ការប្រមូលមករក្សាទុកនៅទីតាំងតែមួយ នឹងផ្តល់ភាពងាយស្រួលក្នុង ការអភិរក្សជួសជុលនាពេលខាងមុខ។ ទី២. សិក្សាលម្អិតទៅលើការប្រើប្រាស់ទីតាំងសារមន្ទីរបច្ចុប្បន្ន និងទីតាំងអតីតសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈឱ្យអស់លទ្ធភាព ដោយមិនធ្វើឱ្យប៉ះពាល់ដល់សំណង់ប្រវត្តិសាស្ត្រនានានៅទីនោះ តាមរយៈការជួសជុលកែលម្អមកជាប្រភេទអាគារបម្រើឱ្យសារមន្ទីរ ការសាងសង់អាគារបន្ថែម និងការ បំពាក់គ្រឿងឧបករណ៍បង្គាហានិភ័យ ជាពិសេសហានិភ័យធម្មជាតិ អគ្គិភ័យ និងចោរកម្មជាដើម។ ទី៣. ការសិក្សាទៅលើសមាមាត្រនៃចំនួនអាគារ និងទីធ្លាបៃតង ដែលនឹងបង្កើនសោភ័ណភាព ភាពទាក់ទាញ អនាម័យ និងការតុបតែងសិល្បៈបុរាណខ្មែរ។ មហិច្ឆិតារបស់យើង គឺប្រែក្លាយបរិវេណទាំងមូលឱ្យទៅជាលម្អវប្បធម៌មួយដ៏រស់រវើក បើកចំហ ទទួលមនុស្សគ្រប់រូប និងជាទីកន្លែងដែលមនុស្សជំនាន់បច្ចុប្បន្ននិងទៅអនាគតបានស្វែងយល់ យល់ដឹង និងមានមោទនភាពចំពោះភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ ទាំងរូបីនិងអរូបី។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងស្ថានទូតបារាំងប្រចាំកម្ពុជា, Expertise France, សារមន្ទីរជាតិសិល្បៈអាស៊ីហ្គីមេ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យគម្រោងដ៏មានសារៈសំខាន់នេះសម្រេចបានលទ្ធផលជោគជ័យដ៏គួរឱ្យកោតសរសើរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន លើការពង្រឹងមូលធនមនុស្ស ការធ្វើទំនើបកម្មស្ថាប័ន និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ដែលជាមូលដ្ឋានគ្រឹះនៃការពង្រឹងអត្តសញ្ញាណជាតិនិងស្មារតីស្នេហាជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបង្កើតគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ នាពេលថ្មីៗនេះ។ សារមន្ទីរជាតិកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា ការពារនិងអភិរក្សមរតកវប្បធម៌ ការសិក្សាស្រាវជ្រាវ ការអប់រំ ព្រមទាំងពង្រឹងអត្តសញ្ញាណ និងមោទនភាពជាតិ ហើយសម្បត្តិបេតិកភណ្ឌដែលបានថែរក្សាទុកនៅទីនេះ បានបង្ហាញពីស្នាដៃសិល្បៈ ជំនឿសាសនា បទពិសោធ ប្រវត្តិសាស្ត្រ និងសមត្ថភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរ ដែលមានឫសគល់តាំងពីជាងពីរពាន់ឆ្នាំមុន។ លើសពីនេះ សារមន្ទីរជាតិក៏ជាមជ្ឈមណ្ឌលសម្រាប់ឱ្យយុវជនបានស្វែងយល់ពីឫសគល់ និងអត្តសញ្ញាណរបស់ខ្លួន ព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិស្វែងយល់ពីភាពសម្បូរបែបនៃអារ្យធម៌ខ្មែរ ហើយក៏រួមចំណែកលើកកម្ពស់វត្តមានវប្បធម៌កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការទាក់ទាញទេសចរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការមានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងបេតិកភណ្ឌរវាងប្រទេសទាំងពីរ នឹងឈានដល់ដំណាក់កាលថ្មីមួយទៀត ក្នុងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកាន់កម្ពុជា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាពេលខាងមុខនេះ៕






