អ្នកនាំពាក្យ ៖ ភាពសកម្មរបស់រាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន គ្រប់​វិនាទី​ដើម្បី​ការពារ​ទឹកដី

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​ថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទសា​រ​ព័ត៌មាន​នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះថា ភាពសកម្មរបស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ពោល គឺម៉ោងនេះ គ្រប់វិនាទីដើម្បីការពារទឹកដី។
ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលតែងតែលើកបញ្ហាព្រំដែនកម្ពុជា-ថៃ នៅ​គ្រប់​វេទិកា​ទាំង​អស់ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រាប់ឱ្យពិភពលោកបានដឹងការពិត គឺ​មិន​មែន​ជា​ការ​ចោទប្រកាន់អ្នកណាទេ។ សម្តេច​បាន​ថ្លែង​អំណរ​គុណ​គ្រប់​ក្រុម​ការងារពា​ក់ព័​ន្ធទាំ​ង​អស់​ដែល​បាន​ខិត​ខំ​ប្រឹងប្រែងធ្វើការងារនេះ។
ឯកឧត្តមអ្នកនាំពាក្យបន្តថា «នេះ​ហើយ​ជា​ភាព​សកម្ម​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ពោល គឺម៉ោងនេះ គ្រប់វិនាទីដើម្បីការពារទឹកដី។ ដូច្នេះ សម្តេចធិបតី​សូម​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋគ្រប់និន្នាការ សូមរួមចិត្ត រួមគំនិត និងអារម្មណ៍ដើម្បី​ការ​ពារ​ទឹក​ដី​ដោយ​ទុក​ឱកាស​ជូន​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​បាន​ចប់​សិន​ចាំ​ជជែក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​នៅ​ពេល​ក្រោយ​។ ​ចំណែកពេលនេះ រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មបំផុត»។
បើ​តាម​ឯកឧត្តម ប៉ែន បូណា នៅក្នុងដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​និង​កិច្ច​ការ​អឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី នៅកម្ពុជា កាលពីថ្ងៃទី១៩ និង២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានផ្លាស់ប្តូរ​ទស្ស​នៈ​អំពី​បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ប្រមុខ​ការ​ទូត​កម្ពុជា​ក៏​បាន​ជម្រាបជូនសមភាគីក្រូអាស៊ី អំពីស្ថានការណ៍វិវត្តន៍ថ្មី​ៗ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ដោយបានបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រា​យ​បញ្ហា​ដោយ​សន្តិ​វិធី​តាម​រយៈ​ការសន្ទនានិងស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្តមអ្នក​នាំ​ពាក្យបន្តថា នេះក៏ជាឧទាហរណ៍ជាក់ស្តែងមួយទៀតដែលបង្ហាញថា រាជ​រដ្ឋា​ភិបាល​មិន​ដែល​ភ្លេច​ការ​ទាមទារ​ទឹក​ដី​ដែល​ថៃ​កំពុង​កាន់​កាប់​ដោយ​ខុស​ច្បាប់​សូម្បី​មួយ​វិនាទី​ណា​ឡើយ​។ ចំណែក​ក្រុមប្រឆាំងជ្រុល​និយម​មួយ​ចំនួន​ដែល​តែង​​តែ​លើក​ពី​បញ្ហា​ព្រំដែន​ដើម្បី​ចោទ​ប្រកាន់​រាជ​រដ្ឋាភិបាល គឺជាការមួលបង្កាច់ដើម្បីកេងចំណេញនយោបាយសុទ្ធសាធ តែគ្មាន​មូល​ដ្ឋាន​ការ​ពិត​ដែល​អាចជឿជាក់បានឡើយ៕

You might also like