លោក ផាង វី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការជួសជុលទំនប់យាយផ្កាយដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានជួសជុលទំនប់យាយផ្កាយ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សកម្មភាពនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលរងការខូចខាតនៅទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងការរក្សាស្ដុកទឹកទុក។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងកន្លងទៅ បានបណ្តាលឱ្យទំនប់យាយផ្កាយដាច់ប្រវែងប្រមាណ ៩០ម៉ែត្រ។ ជាវិធានការអន្តរាគមន៍បន្ទាន់ ក្រុមការងារនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បាននិងកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ១០គ្រឿង ដើម្បីស្តារ និងជួសជុលទំនប់នេះឡើងវិញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងរក្សាប្រភពទឹកទុកសម្រាប់បម្រើឱ្យការប្រើប្រាស់ និងការបង្កបង្កើនផលក្នុងរដូវប្រាំងខាងមុខ ជាពិសេសគឺដើម្បីត្រៀមបង្ការហានិភ័យនៃកង្វះខាតទឹក ឬគ្រោះរាំងស្ងួត ដែលអាចកើតមានឡើងដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងបាតុភូតអែលនីញ៉ូ (El Niño)៕






