នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងប្រើប្រាស់អាវុធខុសច្បាប់
(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង-បង្ខាំងមនុស្សដោយខុសច្បាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះសំណាក់យីហោ ជឺជាំង ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ជនសង្ស័យមានឈ្មោះ HUANG HUABING ភេទប្រុស អាយុ ៣៩ឆ្នាំ និងឈ្មោះ HUANG HUI ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិនដូចគ្នា ហើយអ្នកទាំងពីរមានសារធាតុញៀនក្នុងខ្លួន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទ ២គ្រឿង លិខិតឆ្លងដែន ២ច្បាប់ រថយន្ត Alphard ១គ្រឿង រថយន្ត Prius ១គ្រឿង និងកាំបិតខ្លី ១ដើម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕






