បង្រ្កាបមុខសញ្ញាសង្ស័យ អំពើឃាតកម្មគិតទុកជាមុន ដើម្បីចង់បានអាវុធខ្លី នឹងខ្សែ-ក.នៅកំពង់ស្ពឺ!
(កំពង់ស្ពឺ)៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានព័ត៌មានស្ដីពីករណីប៉ុនប៉ងឃាតកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស “គុនតៃខនស្ត្រាក់សិន ” ក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ រីឯជនរងគ្រោះមានឈ្មោះ ឆោម ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសក្បាលធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា អតីតមន្ទីរពេទ្យ១៧៩ ភ្នំពេញ ។
ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបានការដឹកនាំចង្អុលការពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាលបានធ្វើការសហការចុះដល់មូលដ្ឋាននិងឈានទៅកំណត់បានមុខសញ្ញាសង្ស័យជាអ្នកស្នាក់នៅជាមួយជនរងគ្រោះម្នាក់ មានឈ្មោះ លាប សៀវភីង ភេទប្រុស អាយុ១៥ឆ្នាំ អ្នកធ្វើការជាមួយជនរងគ្រោះ (ជាសន្តិសុខយាមប្រេង) នៅក្នុងក្រុមហ៊ុន ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា មូលហេតុដែលឈានដល់ការរៀបចំផែនការសម្លាប់ជនរងគ្រោះ ព្រោះតែជនសង្ស័យមានបំណងចង់បានអាវុធខ្លីនិងខ្សែក របស់ជនរងគ្រោះយកជាកម្មសិទ្ធិ ។
ឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញនិងដកហូតបាន ៖ អាវុធខ្លីម៉ាកGlok19 មួយដើម,ខ្សែក លោហធាតុ១ខ្សែ(មិនដឹងទម្ងន់) ជនសង្ស័យជាអ្នកស្នាក់នៅជាមួយជនរងគ្រោះនិងបានចេះប្រើប្រាស់អាវុធខ្លីដោយសារតែជនរងគ្រោះបង្រៀន បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដ(ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់) ដើម្បីបន្តនីតិវិធី៕






