រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការជ្រើសរើសប្រជាពលរដ្ឋខ្មែរចំនួន ១០ ០០០នាក់ ដើម្បីឱ្យចូលបំពេញកាតព្វកិច្ចយោធា​ សម្រាប់ឆ្នាំ២០២៦។

បើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា៖ «ត្រូវបានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរដែលមានអាយុពី១៨​ឆ្នាំ ដល់២៥ឆ្នាំ​ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន១០​ ០០០នាក់ សម្រាប់ឆ្នាំ២០២៦»។

គួរឱ្យដឹងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះតម្រូវឱ្យយុវជនខ្មែរជាបុរស ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ពរយៈពេល ២៤ខែ និងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ។ ចំពោះពលរដ្ឋខ្មែរជាស្ត្រីវិញ គឺផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

យុវជនដែលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ ដោយបូករួមជាមួយនឹងរបបផ្សេងៗទៀត។ នេះបើតាម ក្នុងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំពូកទី៥ ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត ផ្នែកទី១ ប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ចំពោះយោធិនកំពុងបំពេញកាតព្វកិច្ចយោធា ត្រង់មាត្រា១៦ បានកំណត់បែបនេះថាយោធិនកំពុងបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗដូចខាងក្រោម៖

ក៖ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០,០០០ (បួនសែន)រៀល
ខ៖ គោលរបបផ្សេងៗ ត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖
*ប្រាក់ម្ហូបប្រចាំថ្ងៃ
*ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់
*ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន
*របបអង្ករប្រចាំថ្ងៃ
*របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួន។

ដោយឡែក សម្រាប់មាត្រា១៧ ក៏បានកំណត់ទៀតថា យោធិនមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការសង្គ្រោះ ការព្យាបាល និងការថែទាំពីក្រសួងការពារជាតិ។

កាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាវិធានការដ៏មានសារៈសំខាន់ ក្នុងកាជួយរពង្រឹងវិស័យការពារជាតិ និងការកសាងធនធានមនុស្សប្រកបដោយគុណភាពផ្តល់ឱកាសដល់យុវជនជំនាន់ថ្មី ដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ បានចូលរួមប្រកបដោយឆន្ទះ ក្នុងស្មារតីបម្រើជាតិមាតុភូមិ និងចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាពនៃជាតិ។

តាមរយៈការបំពេញកាតព្វកិច្ចយោធា យុវជននឹងទទួលបានការហាត់ពត់លត់ដំ ផ្នែកវិន័យ សីលធម៌ការគោរពបទបញ្ជា ការរស់នៅជាក្រុម និងការទទួលខុសត្រូវក្នុងសង្គម។ ទន្ទឹមនឹងនេះ ក៏ជួយឲ្យយុវជនយល់ដឹងកាន់តែច្បាស់ និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទផងដែរ។ ខណៈជំហានដំបូងនឹងមានយុវជនគ្រប់អាយុចន្លោះ ១,៥ ទៅ ២ភាគរយ នឹងត្រូវចូលបំពេញកាតព្វកិច្ចយោធា តាមច្បាប់៕

You might also like