ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ សម្រាប់​ប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា

នៅក្នុងដំណើរការបន្តបន្ទាប់នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ គណៈកម្មការបានឈានដល់ការសម្រេចជ្រើសរើសវិញ្ញាសា។ ខណៈនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញវត្តមានផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល (ERA) ដើម្បីត្រួតពិនិត្យដំណើរការការងារ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ដំណើរការប្រឡងប្រជែងនារសៀលថ្ងៃនេះ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ បានចុះពិនិត្យបន្ទប់តាក់តែងវិញ្ញាសា និងបានរង់ចាំនៅក្នុងបន្ទប់ស្ងាត់បិទជិត ដើម្បីធ្វើការជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ ប្រកបដោយភាពច្បាស់លាស់ សុក្រឹតភាព និងយុត្តិធម៌បំផុត។ ផ្អែកតាមយន្តការបច្ចេកទេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការ បានពិនិត្យ និងសម្រេចជ្រើសរើសវិញ្ញាសា ស្របតាមសេចក្តីជូនដំណឹងកំណត់។

ចំពោះវិញ្ញាសាសរសេរ (សំណួរពហុចម្លើយពាក់ព័ន្ធនឹងចំណេះដឹងក្នុងសៀវភៅសិក្សាគោលភាសាខ្មែរ និងគណិតវិទ្យា កម្រិតបឋម កម្រិតអនុវិទ្យាល័យ កម្រិតវិទ្យាល័យ និងគរុកោសល្យបង្រៀននៅបឋមសិក្សា) រួមមានវិញ្ញាសាភាសាខ្មែរ និងវិញ្ញាសាគណិតវិទ្យា ដោយឯកឧត្តមប្រធានបានពិនិត្យ និងសម្រេចជ្រើសរើសយក ៥០សំណួរ ចេញពីសំណួរសរុប ៧៥សំណួរ ដែលក្រុមគ្រូជំនាញបានរួមគ្នាតាក់តែងឡើង។

ដោយឡែកសម្រាប់វិញ្ញាសាពហុចម្លើយ (ចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងមុខងារសាធារណៈ, ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន, វប្បធម៌-អរិយធម៌ខ្មែរ និងភាសាអង់គ្លេសកម្រិតមូលដ្ឋាន) ត្រូវបានបែងចែកជា ២ផ្នែក ដោយផ្នែកទីមួយ ចំណេះដឹងទូទៅ សម្រេចជ្រើសយក ៥០សំណួរ ចេញពី ៧៥សំណួរ ដែលបានតាក់តែង និងផ្នែកទីពីរ ភាសាអង់គ្លេសកម្រិតមូលដ្ឋាន សម្រេចជ្រើសយក ៥០សំណួរ ចេញពី ៧៥សំណួរ ដូចគ្នា។

រាល់គ្រប់ដំណាក់កាលនៃការពិនិត្យ និងវាយតម្លៃចុងក្រោយ ដើម្បីសម្រេចប្រធានវិញ្ញាសានេះ ត្រូវបានគ្រប់គ្រង ត្រួតពិនិត្យ និងមានការចូលរួមសង្កេតការណ៍ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងអនុគណៈកម្មការពិនិត្យ និងវាយតម្លៃ។

You might also like