ប្រមុខការទូតចិននៅកម្ពុជា៖ ចំណងមិត្តភាពដែកថែបរវាងប្រទេសចិននិងកម្ពុជា ដែលត្រូវបានកសាង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ និងយកព្រះទ័យទុកដាក់ ដោយថ្នាក់ដឹកនាំចិនជំនាន់មុន ត្រូវបានឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្រ្ត កាន់តែរឹងមាំដូចថ្ម

ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញ សមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សូមរាជានុញ្ញាតអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈបណ្តាញសង្គមការហារផ្លូវការ ឯកអគ្គរដ្ឋទូតខាងលើ បានរំលេចថា ចាប់តាំងពីការឡើងគ្រងរាជ្យមក ព្រះករុណាព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យយាងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរបស់កម្ពុជា ព្រមទាំងព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាផងដែរ។

ឯកឧត្តម បានង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះអង្គ ប្រជាជនកម្ពុជាដែលពោរពេញដោយសមត្ថភាព និងភាពឧស្សាហ៍ព្យាយាម នឹងបន្តកសាងអនាគតដ៏ភ្លឺស្វាងថែមទៀតសម្រាប់កម្ពុជា។

ប្រមុខការទូតខាងលើ បានបន្តទៀតថា ចំណងមិត្តភាពដែកថែបរវាងប្រទេសចិននិងកម្ពុជា ដែលត្រូវបានកសាង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ និងយកព្រះទ័យទុកដាក់ ដោយថ្នាក់ដឹកនាំចិនជំនាន់មុន រួមជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ត្រូវបានឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្រ្ត កាន់តែរឹងមាំដូចថ្ម។ ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងព្រះករុណាព្រះមហាក្សត្រ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានចូលដល់ដំណាក់កាលថ្មីមួយ គឺការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ឯកឧត្តម វ៉ាង វិនពីន បញ្ជាក់ថា ភាគីចិននឹងរីករាយក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងការជំរុញអនុវត្តឱ្យមានប្រសិទ្ធភាពសម្រាប់កុងសុងស៊ីសសំខាន់ៗដែលកំណត់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីឱ្យចំណងមិត្តភាពរវាងចិន និងកម្ពុជា អាចចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជនយើងទាំងពីរ និងបន្តថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ទៀត៕

You might also like