ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង

(បាត់ដំបង)៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​នៅ​ក្នុងខេត្តបាត់ដំបង។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់ថា ពលរដ្ឋនៅតាមទល់​ដែន​ជួបគ្រោះបន្តបន្ទាប់។ ក្រៅពីរងគ្រោះដោយសារសង្គ្រាមហើយ មកជួបនឹងគ្រោះជំនន់​ទឹកភ្លៀង​ទៀត តែបានបង្ហាញនូវភាពធន់របស់ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាល់ពេលប្រជាពលរដ្ឋមាន​ការ​លំបាក អាជ្ញាធរមូលដ្ឋានតែងបង្ហាញមុខមុនគេក្នុងការដោះស្រាយ។ សកម្មភាពទាំងនេះ បង្ហាញថា គ្រប់កាលៈទេសៈរាជរដ្ឋាភិបាលតែងនៅជាមួយប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គេមិនអាចមានលទ្ធភាពស្តារឡើងវិញនោះឡើយ បើគ្មានស្ថេរភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាច​បញ្ចៀស​​បានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការ​ទាម​ទារដីនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំឱ្យពិនិត្យ​ដោះស្រាយបញ្ហា​ខែ​វស្សាទឹកច្រើនលិច ខែប្រាំងអត់ទឹកស្រោចស្រព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យប្រជាពលរដ្ឋដែលមានមិនមានតិចពិតប្រាកដដាក់ពាក្យសុំដីពីរាជរដ្ឋាភិបាល តែកុំទៅកាប់ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់៕

 

You might also like