អ្នកណានៅពីក្រោយខ្នង? ជនជាតិខ្មែរ ២នាក់ ត្រូវអាជ្ញាធរថៃឃាត់ខ្លួន ករណីលួចដឹកគ្រឿងសមុទ្រជាង ៥តោន ឆ្លងដែនតាមផ្លូវទឹក

[កម្ពុជា-ជាយដែន]៖ ខណៈដែលកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចការពារព្រំដែនកម្ពុជា កំពុងខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការល្បាត ការពារបូរណភាពទឹកដី និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ បែរជាមានក្រុមឈ្មួញមួយចំនួនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានអាណិតដល់កម្លាំងកងទ័ពដែលខិតខំលះបង់នោះឡើយ។
ជាក់ស្តែង កាលពី យប់ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦ កម្លាំងពិសេសកងពលតូចជើងទឹកលេខ ១៨២ របស់ថៃ បានសហការជាមួយកម្លាំងចម្រុះ បានធ្វើការឃាត់ទូកនេសាទសង្ស័យមួយគ្រឿង នៅចំណុចដែនទឹកព្រំដែន ភូមិហាតឡិក-ភូមិខ្លងសន ស្រុកខ្លងយ៉ៃ ខេត្តត្រាត ដោយបានឃាត់ខ្លួនជនជាតិខ្មែរចំនួន ២ នាក់ ព្រមទាំងដកហូតគ្រឿងសមុទ្រលួចដឹកចេញពីប្រទេសកម្ពុជា ចូលប្រទេសថៃ សរុបចំនួន ៦៦ កេស មានទម្ងន់សរុបជាង ៥ តោន (ប្រមាណ ៥,១៤៨ គីឡូក្រាម)។
តាមការបញ្ជាក់ពីសមត្ថកិច្ចថៃ នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ ទំនិញដែលបានដកហូតរួមមាន៖ ក្តាមសេះ, ក្តាមស្លឹកឈើ, ក្តាមស្រែ, ពងក្តាម, សាច់ទ្រូងក្តាម, សាច់ជើងក្តាម, បង្កង និងសម្ភារផ្សេងៗ ដែលត្រូវគេច្រកក្នុងកេសទំហំធំៗ ត្រៀមដឹកជញ្ជូនយកទៅប្រគល់ឱ្យម៉ូយជនជាតិថៃនៅក្នុងតំបន់ឃុំហាតឡិក។
មហាជន និងប្រជាពលរដ្ឋសម្តែងការសោកស្តាយជាខ្លាំង ចំពោះទង្វើរបស់បុគ្គលមួយក្តាប់តូចនេះ ដែលមិនត្រឹមតែប្រព្រឹត្តអំពើល្មើសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនបានយល់យោគ ឬអាណិតអាសូរដល់នឿយហត់របស់កងកម្លាំងការពារព្រំដែនកម្ពុជា ដែលតែងតែឈរជើងល្បាតទប់ស្កាត់បទល្មើសយ៉ាងសកម្មនោះឡើយ។
សំណួរធំមួយកំពុងចោទឡើងថា៖ តើគ្រឿងសមុទ្រសន្ធឹកសន្ធាប់រហូតដល់ទៅជាង ៥ តោននេះ មានប្រភពចេញពីណាមកឱ្យប្រាកដ? ហើយអ្នកណានៅពីក្រោយខ្នងទូកដឹកទំនិញគេចពន្ធមួយក្បាលនេះ? ព្រោះទំនិញច្រើនសន្ធឹកសន្ធាប់បែបនេះ មិនមែនជាការលួចដឹកតាមរបៀបអ្នកភូមិតូចតាចនោះឡើយ។
សាធារណជន និងអ្នកសារព័ត៌មានយើង សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សមត្ថកិច្ចពាក់ព័ន្ធ និងកងទ័ពជើងទឹកកម្ពុជា នឹងបើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ ដើម្បីស្វែងរកប្រភពដើមដើម និងលាតត្រដាងមុខមេឈ្មួញធំដែលនៅពីក្រោយខ្នងករណីនេះ យកមកចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន និងលើកកម្ពស់កិត្តិយសរបស់កងកម្លាំងការពារព្រំដែនយើង៕

You might also like