លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាតំបន់ឆ្នេរខាងលិច (West Coast) ទទួលបន្ទុកជួយកិច្ចការរដ្ឋអូរីហ្គិន (Oregon) នៃសហរដ្ឋអាមេរិក និងជាប្រធានក្រុមការងាររដ្ឋអូរីហ្គិន បានដឹកនាំកិច្ចប្រជុំក្រុមការងារទីក្រុងបឺវ័រតុន (BEAVERTON) ដើម្បីពិនិត្យវឌ្ឍនភាពការងារ សកម្មភាពដែលបានអនុវត្តកន្លងមក ធ្វើបច្ចុប្បន្នភាពសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ព្រមទាំងពិភាក្សា និងកំណត់ទិសដៅការងារបន្ត
នារសៀលថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦
លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាតំបន់ឆ្នេរខាងលិច (West Coast) ទទួលបន្ទុកជួយកិច្ចការរដ្ឋអូរីហ្គិន (Oregon) នៃសហរដ្ឋអាមេរិក និងជាប្រធានក្រុមការងាររដ្ឋអូរីហ្គិន បានដឹកនាំកិច្ចប្រជុំក្រុមការងារទីក្រុងបឺវ័រតុន (BEAVERTON) ដើម្បីពិនិត្យវឌ្ឍនភាពការងារ សកម្មភាពដែលបានអនុវត្តកន្លងមក ធ្វើបច្ចុប្បន្នភាពសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ព្រមទាំងពិភាក្សា និងកំណត់ទិសដៅការងារបន្ត។
ក្នុងកិច្ចប្រជុំ លោកឧកញ៉ា ស្រី ចាន់ថន បានពិនិត្យ និងលើកឡើងអំពីលទ្ធផលការងារ និងសកម្មភាពដែលក្រុមការងារបានអនុវត្តកន្លងមក ក្នុងអំឡុងពេលចុះបំពេញការងារនៅរដ្ឋអូរីហ្គិន ព្រមទាំងបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារទីក្រុងថាយហ្គាត ដោយមានការបន្ថែមសមាជិកថ្មី ដើម្បីពង្រឹងរចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពច្បាស់លាស់។
ជាមួយគ្នានេះ លោកឧកញ៉ា ស្រី ចាន់ថន បានដាក់ចេញទិសដៅការងារសំខាន់ៗចំនួន ៣ រួមមាន៖
១. ពង្រឹងរចនាសម្ព័ន្ធ តួនាទី និងការទទួលខុសត្រូវ របស់ក្រុមការងារឱ្យបានច្បាស់លាស់។
២. ពង្រឹងសាមគ្គីភាព កិច្ចសហការ និងការចូលរួម របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា។
៣. រៀបចំផែនការសកម្មភាពការងារឱ្យមានភាពច្បាស់លាស់ ព្រមទាំងតាមដាន និងវាយតម្លៃលទ្ធផលការងារជាប្រចាំ។
បន្ទាប់ពីបានស្តាប់របាយការណ៍សកម្មភាពការងារចុះមូលដ្ឋាននៅរដ្ឋអូរីហ្គិន និងពិនិត្យសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារទីក្រុងបឺវ័រតុន លោកជំទាវ ខា អ៊ាង អនុប្រធានរដ្ឋទទួលបន្ទុកក្រុងបឺវ័រតុន បានលើកឡើងអំពី យុទ្ធសាស្ត្រដឹកនាំ ការប្តេជ្ញាចិត្ត បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីពង្រឹងការរៀបចំ និងការអនុវត្តការងាររបស់ក្រុមការងារទីក្រុងបឺវ័រតុនឱ្យកាន់តែមានប្រសិទ្ធភាព និងមានការចូលរួមពីសមាជិកកាន់តែសកម្ម។
នៅចុងបញ្ចប់ លោកឧកញ៉ា ស្រី ចាន់ថន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារទីក្រុងបឺវ័រតុន ដែលបានខិតខំបំពេញការងារកន្លងមក។ លោកបានលើកទឹកចិត្តឱ្យក្រុមការងារបន្តពង្រឹងសាមគ្គីភាព កិច្ចសហការ ការទទួលខុសត្រូវ និងការអនុវត្តផែនការការងារឱ្យបានជាក់លាក់ ព្រមទាំងតាមដានលទ្ធផលជាប្រចាំ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមការងារទីក្រុងបឺវ័រតុន។








