បេសកជនពិសេសរបស់អាស៊ាន ជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ពិភាក្សាអំពីសង្គ្រាមស៊ីវិលនិងសម្រូលការផ្តល់ជំនួយមនុស្សធម៌
ណៃពិដោ៖ បេសកជនពិសេសរបស់អាស៊ាន បានជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា អំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះ និងបានពិភាក្សាអំពីសង្គ្រាមស៊ីវិល ព្រមទាំងការសម្រួលឱ្យមានលទ្ធភាពផ្តល់ជំនួយមនុស្សធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma Teresa Lazaro ដែលជាបេសកជនពិសេសរបស់អាស៊ាន ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានជួបសមភាគីមីយ៉ាន់ម៉ា លោក Tin Maung Swe នៅរដ្ឋធានីណៃពិដោ កាលពីថ្ងៃព្រហស្បតិ៍។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍នៅថ្ងៃសុក្រនេះថា លោកស្រី Lazaro បានពិភាក្សាអំពីមធ្យោបាយ ដើម្បីស្តារតួនាទីនិងសិទ្ធិរបស់មីយ៉ាន់ម៉ា នៅក្នុងអាស៊ានឡើងវិញ។រដ្ឋាភិបាលមីយ៉ាន់ ដែលគាំទ្រដោយយោធា មានបំណងចង់ធ្វើឱ្យទំនាក់ទំនងជាមួយអាស៊ាន វិលត្រឡប់ទៅរកភាពប្រក្រតីវិញ បន្ទាប់ពីមេដឹកនាំរបស់ខ្លួន ត្រូវបានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចាប់តាំងពីឆ្នាំ២០២១ ដោយសារបរាជ័យ ក្នុងការបន្ធូរបន្ថយជម្លោះ ក្រោយរដ្ឋប្រហារយោធា។ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកស្រី Lazaro ស្តីអំពីដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា មិនបានលើកឡើងពីការពិភាក្សា អំពីការស្តារតួនាទីរបស់មីយ៉ាន់ម៉ា ក្នុងអាស៊ានឡើងវិញនោះទេ។ កាលពីខែសីហា រដ្ឋាភិបាលមីយ៉ាន់ម៉ា បាននិយាយថា លែងមានតម្រូវការឱ្យអាស៊ានតែងតាំងបេសកជនពិសេស ប្រចាំប្រទេសរបស់ខ្លួនទៀតហើយ បន្ទាប់ពីមានការបោះឆ្នោតសកល និងរដ្ឋាភិបាលស៉ីវិលថ្មី។គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារយោធា ដែលបានបង្កឱ្យមានសង្គ្រាមស៊ីវិល អូសបន្លាយទល់សព្វថ្ងៃ។ សង្គ្រាមនេះត្រូវប៉ាន់ប្រមាណថា បានសម្លាប់មនុស្សប្រហែល ១០០ ០០០នាក់ និងបណ្តាលឱ្យមនុស្សជាង ៣,៥ លាននាក់ផ្សេងទៀត ត្រូវភៀសខ្លួនចេញពីលំនៅឋាន។ រដ្ឋាភិបាលស៉ីវិលមីយ៉ាន់ម៉ាបច្ចុប្បន្ន ស្ថិតក្រោមការដឹកនាំរបស់លោក Min Aung Hlaing ដែលជាអតីតប្រមុខរបបយោធា និងជាអ្នកដឹកនាំរដ្ឋប្រហារយោធា កាលពីជាង៥ឆ្នាំមុន៕






