រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខភរិយាកងការពារព្រំដែន និងក្រុមគ្រួសារកងទ័ព នៅខេត្តបន្ទាយមានជ័យ
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារកងការពារព្រំដែនលេខ៥០៣ និងលេខ៥១៣ នៅខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវសារសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនភរិយាកងការពារព្រំដែន និងក្រុមគ្រួសារវីរកងទ័ពទាំងអស់ តាមរយ: ការនាំយកមកនូវស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាដែលទទួលបានកាឧបត្ថម្ភពីអង្គការនគរទេព ដើម្បីជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារជាតិ និងបូរណភាពទឹកដី។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព ការលះបង់ និងការបំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានរបស់កងកម្លាំងការពារព្រំដែន ហើយលោកជំទាវក៏បានលើកឡើងសសើរភរិយាកងទ័ព ក្នុងការថែទាំ និងអប់រំកូនចៅ គ្រប់គ្រងគ្រួសារ និងរក្សាភាពរឹងមាំទាំងផ្លូវកាយនិងចិត្តដើម្បីគ្រួសារ ក្នុងអំឡុងពេលស្វាមីបំពេញបេសកកម្មដើម្បីជាតិមាតុភូមិ។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ មិនអាចកាត់ផ្តាច់ចេញពីការលះបង់របស់កងកម្លាំងប្រដាប់អាវុធ និងការគាំទ្រដ៏រឹងមាំពីសំណាក់ក្រុមគ្រួសាររបស់ពួកគេបានឡើយ។ ការអត់ធ្មត់ ភាពស្មោះត្រង់ និងការលះបង់ដោយស្ងៀមស្ងាត់របស់ភរិយាកងទ័ព គឺជាកម្លាំងចិត្តដ៏មានតម្លៃ ដែលគួរទទួលបានការគោរព និងការកោតសរសើរ។
ជាមួយគ្នានេះ លោកជំទាវបានលើកទឹកចិត្តដល់បងប្អូនស្ត្រី និងក្រុមគ្រួសារកងទ័ព ឱ្យបន្តរក្សាសាមគ្គីភាពក្នុងគ្រួសារ និងសហគមន៍ ព្រមទាំងខិតខំបង្កើនមុខរបរ និងសកម្មភាពសេដ្ឋកិច្ចគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងកិច្ចការនារី ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ស្ត្រី និងក្រុមគ្រួសារកងទ័ព ព្រមទាំងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការរក្សាស្ថិរភាពគ្រួសារ និងការអភិវឌ្ឍសង្គមជាតិ៕






