ស្រ្តីលក់អនឡាញល្បីឈ្មោះម្នាក់ សៅ លីឈីង ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើស

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា ជនត្រូវចោទ ឈ្មោះ សៅ លីឈីង ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើស បទល្មើសទី១ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ និងបទល្មើសទី២ ពីបទរត់គេចខ្លួន តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា ស្រ្តីលក់អនឡាញល្បីឈ្មោះម្នាក់ សៅ លីឈីង (Sao LyChhing) ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីចាត់ការបន្តទៀតតាមច្បាប់។
គួររម្លឹកថា រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Rang Rover ពាក់ផ្លាកលេខកម្ពុជា JJ.CHING ដែលជាកម្មសិទ្ធិរបស់ស្ដ្រីអ្នកលក់អនឡាញម្នាក់ឈ្មោះ សៅ លីឈីង (Sao LyChhing) ម្ចាស់ផលិតផលគ្រឿងសំអាង បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ រួចអ្នកបើករថយន្ដបានព្យាយាមរត់គេចខ្លួន និងដោះផ្លាកលេខយកទៅផ្លុងចោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា រថយន្ដបង្កហេតុខាងលើ គឺជាកម្មសិទ្ធិរបស់ស្ដ្រីម្ចាស់ផលិតផលអនឡាញដែលគេតែងហៅថា J CHING តែគេមិនដឹងថាអ្នកណាជាអ្នកបើក រថយន្ដនោះទេ បានទៅបុកម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពាក់ផ្លាកលេខកែប 1B-6378 បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។ ប៉ុន្ដែអ្នកបើកបររថយន្ដមិនបញ្ឈប់នោះទេ ពោលព្យាយាមបានរត់គេចចេញពីកន្លែងកើតហេតុ និងយករថយន្ដទៅផ្លុងចោល។
ជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាល ចៅក្រមស៊ើបសួរបន្តនីតិវិធី៕

You might also like