ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចាត់តំណាងជួបសំណេះសំណាលជាមួយគណៈកម្មការទូក និងនាំយកអំណោយលើកទឹកចិត្តដល់ក្រុមកីឡាករប្រណាំងទូកមកពីវត្តពាមមេត្រី និងវត្តក្ដីដូង ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ចាត់តំណាង ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការទូកង និងនាំយកអំណោយឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាករប្រណាំងទូកសរុបចំនួនពីរទូក មកពីវត្តពាមមេត្រី និងវត្តក្ដីដូង ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តរយៈពេលពីរថ្ងៃគឺថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមដងស្ទឹងសែន ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ព្រមទាំងមានរៀបចំពិធីបណ្តែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចដែលបង្ហាញពីទំនៀមទម្លាប់ប្រពៃណី និងបង្កើតបរិយាកាសអបអរសាទរក្នុងឱកាសពិធីបុណ្យផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ជីវ ស៊ុនហេង បានសំណូមពរដល់កីឡាករចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព សុវត្ថិភាព និងគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីចូលរួមចំណែកធ្វើឱ្យពិធីប្រណាំងទូកទទួលបានជោគជ័យ ប្រកបដោយភាពថ្លៃថ្នូរ និងថែរក្សាបាននូវប្រពៃណីជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បាននាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដើម្បីឧបត្ថម្ភដល់គណៈកម្មការទូកចំនួនពីរ គឺ ទូកតេជោសែនជ័យពាមមេត្រីមានរិទ្ធ មកពីវត្តពាមមេត្រី និងទូកស្ទឹងសែនធិបតីបារមីក្តីដូង មកពីវត្តក្ដីដូង ស្រុកកំពង់ស្វាយ ដែលទូកនីមួយៗ ទទួលបានអង្ករ ១០០គីឡូក្រាម ត្រីខ ២កេស មី ៥កេស ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ២កេស និងថវិកា ៦លានរៀល៕

You might also like