ប្រាសាទមេបុណ្យខាងលិច ដែលជាមហាស្ថាបត្យកម្មនៅកណ្តាលផ្ទៃទឹក បានលេចរូបរាងយ៉ាងអស្ចារ្យបំផុត បន្ទាប់ពីដំណើរការជួសជុលដ៏លំបាកអស់រយៈពេល ១៤ឆ្នាំ
បន្ទាប់ពីគម្រោងជួសជុល ប្រាសាទមេបុណ្យខាងលិច ទ្រង់ទ្រាយធំក្រោមកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងកម្ពុជា និងបារាំង ត្រូវបានបញ្ចប់ ក្រោយចំណាយរយៈពេលជួសជុលដ៏លំបាកអស់១៤ឆ្នាំ និងចំណាយទឹកប្រាក់ប្រមាណ ១២លានដុល្លារ មហាស្ថាបត្យកម្មនៅកណ្តាលផ្ទៃទឹកនេះ បានលេចរូបរាងយ៉ាងអស្ចារ្យបំផុត។
យោងតាមឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរអប្សរា បានមានប្រសាសន៍ពោរពេញដោយក្តីជឿជាក់នាពេលកន្លងទៅថា តាមបច្ចេកទេសជួសជុលប្រាសាទមេបុណ្យខាងលិច អស់រយៈពេល ១៤ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំងពេលនេះ គឺកំពែង និងតួប្រាង្គរបស់ប្រាសាទអាចនឹងនៅឈររឹងមាំបង្ហាញភ្នែកទេសចរ និងទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងបានគោរពបូជា យ៉ាងហោចណាស់ក៏៥០ឆ្នាំ ទៅ១៥០ឆ្នាំខាងមុខ និងលើសនេះ បើមានការថែទាំជាប្រចាំ។
ឯកឧត្តមបណ្ឌិត ហង់ ពៅ បញ្ជាក់ទៀតថា រយៈពេល១៤ឆ្នាំមកនេះ ក្រុមការងារបារាំង-ខ្មែរ បានប្រឹងប្រែង និងតស៊ូជួសជុលប្រាសាទមេបុណ្យខាងលិចយ៉ាងលំបាក រួមមានការសិក្សារៀបចំឯកសារ ការស្វែងរកថ្មដែលបាត់មកដាក់បំពេញនៅតាមកន្លែងដើមវិញ ការដឹកជញ្ជូនសម្ភារគ្រឿងចក្រធំៗ និងថ្មភក់តាមទូកពីកន្លែងផ្សេងមកដាក់នៅការដ្ឋាន រួមទាំងការដឹកជញ្ជូន និងគ្រប់គ្រងកម្លាំងកម្មករជួសជុលជាដើម។
លើសពីនេះទៅទៀតអាជ្ញាធរជាតិអប្សរា ត្រូវការគ្រប់គ្រងទឹកនៅរដូវវស្សាជាចាំបាច់ ដើម្បីធានាឱ្យការដ្ឋានជួសជុលនោះ អាចដំណើរការទៅបានពេញលេញក្នុងមួយឆ្នាំ១២ខែ មិនឱ្យទឹកចូលមករំខានបាន និងធានាឱ្យបានការស្រោចស្រពស្រែជាង ៧ ០០០ហិកតា ព្រមទាំងផ្គត់ផ្គងក្នុងការផលិតទឹកស្អាតសម្រាប់ក្រុងសៀមរាប។
ការជួសជុលប្រាសាទមេបុណ្យខាងលិច រយៈពេល១៤ឆ្នាំមកនេះ គឺបានប្រើកម្លាំងកម្មករជាង ១០០នាក់ បំពេញកិច្ចការទៅតាមផ្នែកសំខាន់ៗ មានដូចជា ផ្នែកចម្លាក់ក្បាច់ ផ្នែកដាប់ថ្ម ផ្នែកកាត់ថ្ម ផ្នែករៀបចំផ្គុំថ្ម ផ្នែកដឹកជញ្ជូនថ្ម ឬសម្ភារៈផ្សេងៗ។ ចុងក្រោយក្រុមការងារផ្នែករៀបចំសោភណភាពបរិស្ថាន និងរៀបចំផ្លូវដើរសម្រាប់ភ្ញៀវទេសចរទស្សនាជាដើម។
ប្រាសាទមេបុណ្យខាងលិច កសាងឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១ នៃគ្រឹស្តសករាជ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ដែលមានទីតាំងស្ថិតនៅលើកោះចំកណ្តាលបារាយណ៍ទឹកថ្លា ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ភាពអស្ចារ្យ និងលេចធ្លោរបស់ប្រាសាទមេបុណ្យខាងលិច គឺមានរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធនៅចំកណ្ដាលស្រះនៃប្រាសាទ ដែលព័ទ្ធជុំវិញដោយកំពែង និងប្រាង្គចំនួន១៦។
ប្រាសាទមេបុណ្យខាងលិច ធ្លាប់បានជួសជុលម្ដងមកហើយ ដោយក្រុមអភិរក្សដ្ឋានបារាំងនៅក្នុងឆ្នាំ១៩៤០ ហើយនៅឆ្នាំ២០១២ បារាំងក៏បានសហការជាមួយកម្ពុជា លើគម្រោងជួសជុលម្ដងទៀត ជាទ្រង់ទ្រាយធំ និងទើបតែបានបញ្ចប់ជាស្ថាពរ។
តាមការគ្រោងទុក ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នឹងយាងជាព្រះរាជាធិបតី និងអញ្ជើញជាអធិបតី ព្រះរាជពិធីសម្ពោធ ប្រាសាទមេបុណ្យខាងលិចនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីពិធីបិទកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ៕






