សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
នៅថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ព្រមទាំង ឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ជាក្រុមគ្រួសារ បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពកុមារា ហ៊ុន កំសត់ ដែលជាបុត្រប្រុសច្បង របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
ពិធីបុណ្យនេះត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការថ្វាយប្រគេនទេយ្យទាន និងយាងនិមន្តសម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹម ហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃសរុប៧ព្រះអង្គសូត្រមន្ត បង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ សូមបានទៅកាន់សុគតិភព។
រយៈពេល៥០ឆ្នាំ គឺជាពេលវេលាដ៏យូរអង្វែង ដែលកន្លងផុតទៅតាមដំណើរនៃជីវិត ប៉ុន្តែការបាត់បង់មនុស្សជាទីស្រលាញ់ ជាពិសេសការបាត់បង់កូនប្រុសច្បងក្នុងគ្រួសារ គឺជាការចងចាំដែលមិនអាចបំភ្លេចបាន។ ការប្រារព្ធពិធីបុណ្យរំលឹកខួបនេះ មិនត្រឹមតែជាការអនុវត្តតាមគន្លងប្រពៃណី និងជំនឿព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីក្តីនឹករលឹក សេចក្តីស្រលាញ់ និងចំណងមនោសញ្ចេតនារបស់ក្រុមគ្រួសារ ដែលនៅតែរក្សាទុកក្នុងដួងចិត្តជានិច្ច។
ក្នុងបរិយាកាសប្រកបដោយសេចក្តីស្រលាញ់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ការអញ្ជើញចូលរួមរបស់ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ជាក្រុមគ្រួសារ គឺបានបង្ហាញពីសារៈសំខាន់នៃចំណងគ្រួសារ ការចងចាំ និងការគោរពចំពោះអ្នកដែលបានចែកឋានទៅ ទោះបីពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ។
សូមឧទ្ទិសមហាកុសលផលបុណ្យដែលកើតចេញពីពិធីបុណ្យនេះ ជូនដល់វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ សូមបានសោយសុខក្នុងសុគតិភពជានិច្ចតរៀងទៅ៕






