សម្តេចធិបតី ៖ ហ្វ្រង់កូហ្វូនី​មិនត្រឹមតែ​ជា​ភាសា​ តែ​ជាវប្បធម៌ដ៏រស់រវើក និងជាលំហនៃពាណិជ្ជកម្ម និង​នវានុវត្តន៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​ថា ​អង្គការហ្វ្រង់កូហ្វូនី (OIF) មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវប្បធម៌ដ៏រស់រវើក ជា​លំហ​នៃការផ្លាស់ប្តូរ ការធ្វើពាណិជ្ជកម្ម និងនវានុវត្តន៍។
សម្តេចធិបតី មាន​ប្រសាសន៍​បញ្ជាក់​បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ «ភូមិហ្វ្រង់កូហ្វូនី» ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតី ទំហំប្រមាណ ១ម៉ឺនម៉ែត្រក្រឡា នៅ​ព្រឹក​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ក្នុង​ឱកាសនោះ សម្តេចធិបតីបានថ្លែងថា អង្គការហ្វ្រង់កូហ្វូនី ប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព លើស​ពី​នេះ​យើង​ខ្ញុំបាន​គិត​គូរ​ជា​ពិសេស​ផងដែរ ដល់យុវជនរបស់យើង។ អង្គការហ្វ្រង់កូហ្វូនីនាពេលអនាគត គឺជា​បណ្ដុំ​នៃ​យុវជន​របស់​យើង ​ហើយយុវជននឹងជាអ្នកបន្តសិក្សាដកបទពិសោធន៍, ជាអ្នកបន្ត បង្កើត, បន្តច្នៃ​ប្រឌិត​ភូមិ​នេះ ​ហើយភូមិហ្វ្រង់កូហ្វូនីដែលបានរៀបចំ នាពេលនេះ ក៏ជាការរៀបចំសម្រាប់យុវជនផងដែរ។
សម្តេចបានបន្ថែមថា ដូចគ្នានឹងទន្លេរបស់យើង, វប្បធម៌របស់យើងបានមកជួបគ្នានៅទីនេះ។ វប្បធម៌​នីមួយៗនៅតែរក្សាបាននូវអត្តសញ្ញាណផ្ទាល់ខ្លួន ប៉ុន្តែ​បាន​មក​ជួប​ជុំ​គ្នា​ក្រោម​បំណង​ប្រាថ្នា​រួម​តែមួយគឺ «សន្តិភាព ការគោរពគ្នាទៅវិញទៅមក និងវឌ្ឍនភាពរួម»។
សូមជម្រាបថា អង្គការ OIF ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយ​មាន​សហស្ថាបនិកសំខាន់ៗដូចជា សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ, អតីត​ប្រធានា​ធិបតី​សេណេ​ហ្កាល់​), អតីតប្រធានាធិបតីទុយនីស៊ី និងអតីតប្រធានាធិបតីនីហ្សេ។ អង្គការ OIF មាន​ទី​ស្នាក់​ការ​កណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមាន​សមាជិក​ពេញ​សិទ្ធិ​ចំនួន ៥៤ និងសមាជិកមិនពេញសិទ្ធិ ៤ ព្រមទាំងសមាជិកជារដ្ឋអង្កេតការណ៍ ២៦​ប្រទេស​៕

You might also like