ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាក្របខ័ណ្ឌសភាប្រើភាសាបារាំង ស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» នៅវិមានព្រឹទ្ធសភា
ភ្នំពេញ ៖ នៅសាលភក្តីវិក្រម១ វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) ប្រតិភូតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកជាផ្លូវការ ក្នុង «សិក្ខាសាលាក្របខ័ណ្ឌសភា ស្តីពី អាកាសធាតុ សន្តិភាព និងសន្តិសុខ» ដែលសហការរៀបចំឡើងដោយសភាកម្ពុជា សភាប្រើភាសាបារាំង (APF) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភាជាតិ និងអន្តរជាតិ
ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា ថ្នាក់ដឹកនាំខុទ្ទកាល័យអនុប្រធានទី១ និងទី២ ព្រឹទ្ធសភា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួន ១៣៥រូប។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ គណៈប្រតិភូ និងឥស្សរជនទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថាការជួបជុំនេះប្រព្រឹត្តទៅក្នុងកាលៈ ទេសៈដ៏មានសារៈសំខាន់ សម្រាប់សហគមន៍និយាយភាសាបារាំង ពោលគឺនៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសន្ទនា ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានលើកឡើងថា នាពេលបច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុពុំមែនជាបញ្ហាប្រឈមត្រឹមតែក្នុងវិស័យបរិស្ថាន ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាកត្តាបង្កើន ហានិភ័យដែលជះឥទ្ធិពលដោយផ្ទាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខស្បៀង ធនធានទឹក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយឡែក សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម និងប្រព័ន្ធអេកូឡូស៊ីនៃអាងទន្លេមេគង្គ និងបឹងទន្លេសាប សភាកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មតាមរយៈការអនុម័ត «ក្រមបរិស្ថាន និងធនធានធម្មជាតិ» កាលពីឆ្នាំ២០២៣ សំដៅពង្រឹងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា សន្តិភាព និងសន្តិសុខមនុស្សជាតិ ពុំអាចកាត់ ផ្តាច់ចេញពីការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងការការពារប្រជាជនស៊ីវិលបានឡើយ។ ឯកឧត្តមបានរំលឹកឡើងវិញនូវមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៃ «នយោបាយឈ្នះ-ឈ្នះ» ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ។ ក្នុងបរិបទបច្ចុប្បន្ន ឯកឧត្តមក៏បានគូសបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជាជាង ២០ ០០០ នាក់ រួមទាំងស្ត្រី និងកុមារជាង ៦ ០០០ នាក់ ដែលនៅតែពុំទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយ បន្ទាប់ពីការឈ្លានពានប្រដាប់អាវុធរបស់ ភាគីថៃនៅតាមបណ្តោយព្រំដែន កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ហានេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរបាយការណ៍របស់លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជូនការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងសន្តិសុខ ឯកឧត្តម អ៊ុច បូររិទ្ធ បានអំពាវនាវឱ្យស្ថាប័នសភាអនុវត្តនូវតួនាទីស្នូលចំនួន ៤ រួមមាន៖
១. តួនាទីនីតិបញ្ញត្តិ៖ ធានាថាក្របខ័ណ្ឌច្បាប់ជាតិបានគិតគូរយ៉ាងគ្រប់ជ្រុងជ្រោយអំពីកិច្ចការពារ បរិស្ថាន និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
២. តួនាទីថវិកា និងការត្រួតពិនិត្យតាមដាន៖ ធានានូវការកៀរគរ និងការបែងចែកធនធានសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។
៣. តួនាទីតំណាង និងការប្រាស្រ័យទាក់ទងជាមួយមូលដ្ឋាន៖ នាំយកកង្វល់ និងតម្រូវការរបស់ សហគមន៍ដែលងាយរងគ្រោះបំផុត ដើម្បីឱ្យគោលនយោបាយសាធារណៈឆ្លើយតបទៅនឹងតថភាពជាក់ស្តែង។
៤. តួនាទីការទូតសភា៖ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន ផ្សះផ្សាជំហរ និងកសាងទំនុកចិត្តរវាងប្រជាជន និងប្រជាជន។
មុននឹងប្រកាសបើកអង្គសិក្ខាសាលាជាផ្លូវការ ឯកឧត្តម អ៊ុច បូររិទ្ធ បានស្នើឱ្យអង្គសិក្ខាសាលាធ្វើការពិចារណាលើសំណួរគន្លឹះចំនួន ៣ ពាក់ព័ន្ធនឹងការបញ្ជ្រាបហានិភ័យអាកាសធាតុទៅក្នុងគោលនយោបាយបង្ការជម្លោះ ការពង្រឹងសមត្ថភាពតាមដានវាយតម្លៃរបស់សភា និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាក្នុងលំហហ្វ្រង់កូហ្វូនី ដោយបានសង្កត់ធ្ងន់ថា «សន្តិភាព គឺជាលក្ខខណ្ឌដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយការអភិវឌ្ឍប្រកបដោយចីរភាព ក៏ជាកម្លាំងចលករដ៏ខ្លាំងក្លានៃសន្តិភាពផងដែរ»៕






