ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិន ត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិន ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងប្រទេសចិន ព្រមទាំងបង្កើនភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិ មកទស្សនាតំបន់ទេសចរណ៍ផ្សេងៗក្នុងប្រទេសកម្ពុជា។ការបើកជើងហោះហើរថ្មី មកកាន់ខេត្តសៀមរាបនេះ មានការស្វាគមន៍ពីឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដែលភ្ជាប់ជើងហោះហើរផ្ទាល់ពីទីក្រុងក្វាងចូវ (CAN) ប្រជាមានិតចិន មកកាន់ខេត្តវប្បធម៌សៀមរាប នៃប្រទេសកម្ពុជា ដែលការតភ្ជាប់ផ្លូវអាកាសនេះ កាន់តែមានអត្ថន័យសំខាន់ថែមទៀត ដោយសារតែជើងហោះហើរនេះចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ជាព្រលានយន្តហោះកម្រិត 4E ដ៏ទំនើប ទូលាយ និងបំពាក់ដោយបច្ចេកវិទ្យាអាកាសចរណ៍ទំនើបបំផុត។ ច្រកទ្វារអន្តរជាតិមួយនេះ មិនត្រឹមតែមានសមត្ថភាពពេញលេញក្នុងការទទួលយន្តហោះខ្នាតធំពីគ្រប់ទិសទីជុំវិញពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់ ប្រតិបត្តិការរលូន និងបទពិសោធន៍ធ្វើដំណើរប្លែកខុសគេសម្រាប់ភ្ញៀវទេសចរទាំងអស់ដែលមកស្វែងយល់ពីតំបន់បេតិកភណ្ឌពិភពលោក និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបនៃខេត្តសៀមរាប។ ឯកឧត្ដម បានកោតសរសើរខ្ពស់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ចំពោះកិច្ចខិតខំប្រឹងប្រែងពង្រីកផ្លូវហោះហើរថ្មីនេះ។ ជើងហោះហើរថ្មីនេះ មិនត្រឹមតែជំរុញពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល ដែលមានគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអាកាសចរណ៍ និងទេសចរណ៍របស់យើង ខណៈដែលក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន YACA, AIAI និងភាគីពាក់ព័ន្ធទាំងអស់ មានកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំពិធីស្វាគមន៍ដ៏អធិកអធមនៅថ្ងៃនេះ។
លោក យ៉ាំង ជុ ជាអគ្គនាយករង នៃក្រុមហ៊ុន យ៉ាកា (YACA) ដែលជាប្រតិបត្តិករនៃ អាកាសយានដ្ឋាន សៀមរាប-អង្គរ បានលើកឡើងថា ជើងហោះហើរថ្មីនេះ មកពីខ្វាងចូវ ប្រទេសចិន របស់ក្រុមហ៊ុន អាការចរណ៍ ខាមបូឌា អ៊ែរវ៉ែ ដោយមានអ្នកដំណើរប្រមាណ១៥០នាក់ និងអ្នកដំណើរត្រឡប់ទៅវិញជិត១០០នាក់ ដែលជាជើងហោះហើរត្រង់ទី៣ បន្ទាប់ពីទីក្រុងគុនមីង និងទីក្រុងសិនជិន បន្ទាប់ពីការបើកជើងហោះហើរត្រង់ពីទីក្រុងគុនមីង ទីក្រុងសិនជិន ។ជើងហោះហើរថ្មីនេះ ក្នុងមួយសប្ដាហ៍បីជើង ខណៈដែលទីក្រុងក្វាងចូវ ជាផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រលើមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងអាកាសចរណ៍ធំៗនៅទូទាំងប្រទេសចិន។លោកបន្ថែមថា លោកកំពុងពិភាក្សា និងពិនិត្យលើសំណើហោះហើរពីទីក្រុងធំៗលំដាប់ទី១ និងទី២ ដូចជា ទីក្រុងសៀងហៃ ទីក្រុងប៉េកាំង ទីក្រុងឆេងឌូ ទីក្រុងឆុងឈីង និងទីក្រុងសៀមិន (Xiamen) ជាដើម ដែលទីក្រុងទាំងនេះគឺជាទីផ្សារប្រភពដ៏ធំសម្រាប់ភ្ញៀវទេសចរដែលចង់មកទស្សនាកេរដំណែលវប្បធម៌អង្គរ។ជាមួយគ្នានេះ ការបើកជើងហោះហើរថ្មីនេះ ក៏ត្រូវបានរំពឹងថានឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់កម្ពុជា បង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងបង្កើតឱកាសការងារ និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរក្នុងវិស័យទេសចរណ៍ សេវាកម្ម និងអាជីវកម្មពាក់ព័ន្ធ ខណៈដែល ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា និងជាទីតាំងនៃរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក កំពុងត្រូវការការតភ្ជាប់ផ្លូវអាកាសកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ។
យោងតាមរបាយការណ៍នៃអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានបង្ហាញថា គិតត្រឹមថ្ងៃនេះ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ខេបូឌាអ៊ែរវ៉េរ (Cambodia Airways មាន ប្រមាណ ៩ជើងក្នុងមួយសប្តាហ៍ មកពីប្រទេសចិនមកកាន់ខេត្តសៀមរាប រួមមាន ទីក្រុងគុនមីង ចំនួន ៤ជើងក្នុងមួយសប្តាហ៍ ។ ទីក្រុងសិនជិន ចំនួន ២ ជើងក្នុងមួយសប្តាហ៍ ។ទីក្រុងក្វាងចូវ ចំនួន ៣ជើងក្នុងមួយសប្តាហ៍៕






