ឃាត់ខ្លួនម្ចាស់រថយន្ត Bentley Continental បើកបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យស្លាប់

ខេត្តសៀមរាប៖ ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាឲ្យជំនាញនាំខ្លួនជនសង្ស័យម្នាក់ជាអ្នកបើកបររថយន្តបណ្ដាលឲ្យមនុស្សស្លាប់ នាំយកទៅសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
ការបញ្ជាឲ្យនាំខ្លួនជនសង្ស័យនេះ បន្ទាប់ពីជនសង្ស័យបានបើករថយន្តមួយគ្រឿងបុកជាមួយម៉ូតូបណ្ដាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍នេះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅត្រង់ចំណុច ខាងលិចស្តុប លោកតា ខៀវ ណឺយ ចម្ងាយ ១០០ម៉ែត្រ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប លើផ្លូវជាតិលេខ៦ រវាងរថយន្ត និង ម៉ូតូ (ស្របទិសគ្នា)។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ក ឡើងដោយរថយន្ត១គ្រឿងម៉ាក Bentley Continental ពណ៌ស ផ្លាកលេខ ភ្នំពេញ 2CC- 1241 អ្នកបើកបរឈ្មោះ ថៃ ឆេងឃាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិកណ្ដែក ឃុំកណ្តែក ស្រុកប្រាសាទបាគង (ទិសដៅ ពីលិចទៅកើត) បានបុកម៉ូតូ១គ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AC-1851 បើកបរដោយឈ្មោះ អ៊ឹង ទ្រី ភេទប្រុស រស់នៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (ទិសដៅពីលិចទៅកើត)។
បន្ទាប់ពីកើតហេតុ នគរបាលជំនាញចរាចរណ៍ខេត្តសៀមរាបបានវាស់វែង និងត្រួតពិនិត្យកន្លែងកើត ហេតុបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក វត្ថុតាងយកមករក្សា ទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការនីតិវិធី ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

You might also like