សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណរដ្ឋបាលរាជធានី-ខេត្តទាំង២៥ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងក្រុមការងារដែលពាក់ព័ន្ធ រួមទាំងក្រុមការងារស្ម័គ្រចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណរដ្ឋបាលរាជធានី-ខេត្តទាំង២៥ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងក្រុមការងារដែលពាក់ព័ន្ធ រួមទាំងក្រុមការងារស្ម័គ្រចិត្ត ដែលបានរៀបចំកម្មវិធី
កម្សាន្តនានា និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦
នៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសបានដំណើរការរយៈពេល ៣ថ្ងៃ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ដែលបានមានវត្តមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជានៅទូទាំង ២៥ រាជធានី-ខេត្ត។
ជាមួយគ្នានេះ សូមថ្លែងអរគុណរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងក្រុមការងារដែលពាក់ព័ន្ធ រួមទាំងក្រុមការងារស្ម័គ្រចិត្ត ដែលបានចំណាយពេលវេលារៀបចំកម្មវិធីកម្សាន្តនានា ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ រក្សាអនាម័យ ព្រមទាំងចូលរួមសហការរៀបចំក្នុងការបង្កភាពសប្បាយរីករាយជូនដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវទេសចរបានចូលរួមលេងនៅតាមរមណីយដ្ឋាននានាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។
សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងពេលធ្វើដំណើរ និងសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ព្រមទាំងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ៕

You might also like