ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា

(ឧត្តរមានជ័យ)៖ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ បានជួបប្រជុំក្រៅផ្លូវការកម្រិតក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦​នេះ ដើម្បីពិភាក្សាជំរុញការអនុវត្តសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងដោះស្រាយបញ្ហានានាឱ្យទាន់ពេលវេលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។

នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង មេបញ្ជាការរងយោធភូមិភាគទី៤ និងជាប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា ខណៈគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន នាយសេនាធិការយោធភូមិភាគទី២ និងជាប្រធានលេខាធិការដ្ឋាន (RBC) ភាគីថៃ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាដែលផ្ទុយពីសេចក្តីប្រកាសរួមនេះ សំដៅឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលបានកើតឡើងនាពេលថ្មីៗនេះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន ទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងភាពស្មោះត្រង់ ព្រមទាំងការគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

 

You might also like