អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស វាយតម្លៃខ្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា
នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ធៀ នីង (Tie Ning) អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកជំទាវអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ បានសម្ដែងនូវចំណាប់អារម្មណ៍ និងក្ដីសោមនស្សរីករាយចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី, កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជា។ លោកជំទាវបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ, កម្ពុជា-ចិន សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ហើយភាគីចិននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីសម្រេចនូវសមិទ្ធផលប្រកបដោយផ្លែផ្កាកាន់តែច្រើនថែមទៀត។
លោកជំទាវក៏បានជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ និងគណៈប្រតិភូមកកាន់កម្ពុជានាឱកាសនេះ មានគោលបំណងបន្តរក្សា និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីកសាង និងពង្រឹងនីតិរដ្ឋ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង សំដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ «កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ លោកជំទាវក៏បានកត់សម្គាល់ផងដែរថា នៅក្នុងអាណត្តិនៃការដឹកនាំរបស់សម្ដេចធិបតី, រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់ជាច្រើន ដែលបានបង្កបរិយាកាសអំណោយផលក្នុងការទាក់ទាញវិនិយោគិន និងទេសចរមកកាន់កម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ, ទាំងកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជារវាងរដ្ឋាភិបាលទាំងពីរ។
សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្ដល់ការគាំទ្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
សម្ដេចធិបតី និងលោកជំទាវអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម កសិកម្ម, ការគ្រប់គ្រងធនធានទឹក ក៏ដូចជាការបណ្ដុះបណ្ដាលផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។ ជាមួយគ្នានោះ, សម្ដេចធិបតី និងលោកជំទាវក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ៕






