ក្រុមហ៊ុនមកពី១៥ប្រទេស ចូលរួមតាំងពិព័រណ៍ និងបង្ហាញសក្តានុពលកំណើនឧស្សាហកម្មរបស់កម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ — ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF 2025) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG 2025) បានបើកជាផ្លូវការនៅរាជធានីភ្នំពេញ ដោយបង្ហាញចក្ខុវិស័យនៃបរិវត្តកម្មឧស្សាហកម្មកម្ពុជា។ ពិព័រណ៍នេះបានប្រមូលផ្តុំក្រុមហ៊ុនផលិត នវានុវត្តន៍ករ និងវិនិយោគិនជាង២០០ក្រុមហ៊ុន មកពី១៥ ប្រទេស ដើម្បីស្វែងយល់អំពីដំណាក់កាលបន្ទាប់នៃកំណើនឧស្សាហកម្មរបស់កម្ពុជា។
ក្នុងសុន្ទរកថាបើកពិព័រណ៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ទោះបីកម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនក្តី ស្មារតីសាមគ្គីឯកភាពជាតិដ៏រឹងមាំ និងការបំពេញភារកិច្ច និងកាតព្វកិច្ចរៀងៗខ្លួន ទាំងជួរមុខនិងជួរក្រោយ បានក្លាយជាថាមពលដ៏ខ្លាំងក្លា សម្រាប់ភាពធន់ និងការបន្តវឌ្ឍនភាពរបស់យើង។”
ឯកឧត្តមបានកោតសរសើរចំពោះការរៀបចំពិព័រណ៍នេះថាជាសក្ខីកម្មបង្ហាញនូវដំណើរឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម និងកម្មន្តសាលរបស់កម្ពុជាឱ្យកាន់តែរឹងមាំ។ ពិព័រណ៍ CIMIF និង CTG ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រុមហ៊ុន Yorkers Trade&Marketing Service ជាក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខមួយក្នុងតំបន់អាស៊ី បាននាំយកក្រុមហ៊ុនសកល មកតាំងបង្ហាញគ្រឿងយន្ត គ្រឿងម៉ាស៊ីនទំនើបៗ ដំណោះស្រាយស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាផលិតកម្ម សម្រាប់គាំទ្រឧស្សាហកម្មក្នុងស្រុក ពិសេសឧស្សាហកម្មវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ដែលកំពុងផ្តល់ការងារជាងមួយលានកន្លែង និងបន្តជាវិស័យនាំមុខសម្រាប់ការនាំចេញរបស់កម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានគូសរំលេចការវិវត្តថ្មីៗនៃគោលនយោបាយពាណិជ្ជកម្មសកល ពិសេសការ បន្ថយអត្រាពន្ធបដិការបស់សហរដ្ឋអាមេរិកមកលើកម្ពុជា ដោយលើកឡើងថា៖ “គោលនយោបាយពន្ធបដិកាថ្មីរបស់សហរដ្ឋអាមេរិក បានផ្តល់ឱ្យកម្ពុជានូវភាពប្រាកដប្រជា និងឱកាសប្រកួតប្រជែងមួយ ដែលយើងទាំងអស់គ្នាត្រូវចាប់យក ក្នុងការពង្រីកការវិនិយោគ និងពង្រឹងសមត្ថភាព ដើម្បីប្រែក្លាយកម្ពុជា ជាមូលដ្ឋានផលិតកម្មចម្រុះសម្រាប់តំបន់ និងពិភពលោក។”
ឯកឧត្តមក៏បានជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយ ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។
ព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៤ថ្ងៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហានេះ ផ្តល់នូវវេទិកាយុទ្ធសាស្ត្រមួយសម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការស្វែងរកដៃគូអាជីវកម្ម និងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “យើងទាំងអស់គ្នាត្រូវប្តេជ្ញាបោះជំហានចូលទៅកាន់សករាជថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យា បច្ចេកទេស គ្រឿងម៉ាស៊ីន និងឧបករណ៍ទំនើបៗ រួមទាំងស្វ័យប្រវត្តិកម្ម ដើម្បីកសាងមូលដ្ឋានឧស្សាហកម្ម និងសេវាកម្ម ប្រកបដោយស្តង់ដា គុណភាព និងផលិតភាពខ្ពស់។”
លោក Akai Lin នាយកក្រៅប្រទេសនៃក្រុមហ៊ុន Yorkers បានលើកឡើងថា៖ “គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាមានសារៈសំខាន់កាន់តែខ្លាំង សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍឧស្សាហកម្ម ហើយទីតាំងភូមិសាស្ត្រដ៏ល្អរបស់កម្ពុជានៅក្នុងតំបន់ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់អ្នកវិនិយោគ និងក្រុមហ៊ុនផ្គត់ផ្គង់អន្តរជាតិ។”








