នាយករដ្ឋមន្រ្តីហុងគ្រី ៖ រុស្ស៊ី បានឈ្នះសង្រ្គាមនៅអ៊ុយក្រែន រួចទៅហើយ
នាយករដ្ឋមន្ត្រីហុងគ្រី មកពីក្រុមស្តាំនិយម លោក Viktor Orban បានលើកឡើងកាលពីថ្ងៃអង្គារ (១២ សីហា) ថា រុស្ស៊ី បានឈ្នះសង្រ្គាមរួចទៅហើយនៅអ៊ុយក្រែន មុនពេលកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រ ១៥ សីហា ខាងមុខនេះ នៅរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។
ដោយកាន់តំណែងតាំងតែពីឆ្នាំ២០១០មក លោក Orban ត្រូវបានរិះគន់ដោយមេដឹកនាំអឺរ៉ុបមួយចំនួនចំពោះទំនាក់ទំនងដ៏ស្និទ្ធិស្នាលរបស់រដ្ឋាភិបាលលោកជាមួយរុស្ស៊ី និងការប្រឆាំងនឹងជំនួយយោធាសម្រាប់អ៊ុយក្រែន ខណៈគណៈរដ្ឋមន្ត្រីរបស់លោកកំពុងជួបការលំបាកដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីភាពតក់ស្លុតអតិផរណា។
ថ្លែងប្រាប់បណ្តាញយូធូបឈ្មោះ ‘Patriot’ នៅក្នុងបទសម្ភាសន៍មួយ លោក Orban បាននិយាយថា៖ គ្រប់គ្នាកំពុងនិយាយពេលនេះ ហាក់ដូចជាស្ថានភាពសង្រ្គាមបើកចំហ ប៉ុន្តែមិនមែនបែបនេះទេ។ អ៊ុយក្រែនបានចាញ់ហើយ ហើយរុស្ស៊ីជាអ្នកឈ្នះសង្រ្គាមមួយនេះ”។ លោកបន្តថា៖ “សំណួរតែមួយគត់នោះគឺថា តើនៅពេលណា និងនៅក្រោមកាលៈទេសៈណាដែលលោកខាងលិច និងអ្នកនៅពីក្រោយអ៊ុយក្រែនផ្សេងទៀត ទទួលស្គាល់ថារឿងនេះបានកើតឡើងរួចទៅហើយ ហើយតើអ្វីនឹងជាលទ្ធផលពីរឿងទាំងអស់នេះ”។
ហុងគ្រី ដែលទទួលថាមពលភាគច្រើនពីរុស្ស៊ី បានបដិសេធមិនបញ្ជូនអាវុធទៅអ៊ុយក្រែននោះទេ ដោយលោក Orban ផ្ទាល់ — ដែលបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោក Putin សូម្បីតែក្រោយប្រតិបត្តិការយោធារុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២ លើអ៊ុយក្រែន ក៏ដោយនោះ— បានប្រឆាំងយ៉ាងខ្លាំងចំពោះការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន៕