«ផ្លូវថ្មើរជើងចតុមុខ» ឬ WalkStreet ត្រូវបានប្រកាសហាមដាច់ខាតមិនឱ្យមានផ្សែងបារី
ភ្នំពេញ៖ ដើម្បី ថែរក្សាសុខភាព និងលើកកម្ពស់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព ដែលបង្កឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសហាមដាច់ខាត មិនឱ្យមានការជក់បារី គ្រប់បរភេទ នៅតាមទីសាធារណៈ ជាពិសេសតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ។
យោងតាមសេចក្តីណែនាំស្តីពីការអនុវត្តគម្រោង«ពង្រឹងវិធានការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ»បណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០) រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការផ្សព្វផ្សាយ លក់ និងជក់បារី រាល់ពេលផ្លូវថ្មើរជើងចតុមុខបើកដំណើរការ។ ពោលគឺរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖«ហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ តាមពេលវេលា និងម៉ោងដែលកំណត់សម្រាប់ដំណើរការផ្លូវថ្មើរជើង»។
ភាគីពាក់ព័ន្ធ ក៏ត្រូវចូលរួមសហការគ្នាបិទសញ្ញាហាមជក់បារី ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងដែលហាមឃាត់ឱ្យមើលឃើញច្បាស់ និងមានចំនួនគ្រប់គ្រាន់ស្របតាមទីតាំងជាក់ស្តែង។ ទន្ទឹមនោះម្ចាស់អាជីវកម្មដ្ឋាន សេវាកម្មទេសចរណ៍ អាជីវករ មិនត្រូវផ្សព្វផ្សាយពាណិជ្ជកម្ម តាំងបង្ហាញលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ គ្រប់ទម្រង់។ ក្នុងន័យនេះ គ្រប់ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់គ្រប់ប្រភេទ ដូចជាបារីអេឡិចត្រូនិច (E-Cigarettes) ឬ វេប (VAPE) ផលិតផល អេច ធី ភី (HTP) និងស៊ីហ្សា (Shisha) ក៏ត្រូវហាមដាច់ខាតមិនឱ្យមានប្រើប្រាស់ ឬចែកចាយនៅគ្រប់ទីកន្លែងនៃបរិវេណផ្លូវថ្មើរជើងចតុមុខដូចគ្នា៕