លោក Trump ចង់ជួបមេដឹកនាំកូរ៉េខាងជើង ក្នុងឆ្នាំនេះ ខណៈកូរ៉េខាងត្បូង ស្នើខ្លួនរៀបចំជំនួប

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (២៥ សីហា) អំឡុងទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន របស់ប្រធានាធីបតីកូរ៉េខាងត្បូងថា លោកចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅក្នុងឆ្នាំនេះ ហើយបើកទូលាយសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មបន្ថែមទៀតជាមួយកូរ៉េខាងត្បូង ខណៈទីក្រុងសេអ៊ូល ក៏បានស្នើឡើងឱ្យមានជំនួបបែបនេះ ប្រសិនបើលោក Trump ទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង។
អំឡុងពេលស្វាគមន៍ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង Lee Jae Myung ទៅកាន់សេតវិមានជាលើកដំបូង លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យ Oval Office ថា “លោកចង់ជួបលោក Kim នៅឆ្នាំនេះ លោកទន្ទឹងរង់ចាំជួបជាមួយលោក Kim Jong Un នៅពេលអនាគតដ៏សមស្របមួយ”។
ទន្ទឹមនឹងនេះ ការិយាល័យរបស់ប្រធានាធិបតូកូរ៉េខាងត្បូង បាននិយាយថា លោក Lee បានស្នើឱ្យមានជំនួបរវាងលោក Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅចុងឆ្នាំនេះ ប្រសិនបើលោក Trump ទៅកាន់កូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំវេទិកាថ្នាក់តំបន់។
កូរ៉េខាងជើង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការលើកឡើងរបស់លោក Trump ទេ។ ប៉ុន្តែក្រោយមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បាននិយាយថា សមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង បង្ហាញឱ្យឃើញពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការ “កាន់កាប់” ឧបទ្វីបកូរ៉េ និងដាក់គោលដៅលើបណ្ដាប្រទេសក្នុងតំបន់។
ចាប់តាំងពីលោក Trump ឡើងកាន់តំណែងនៅខែមករាមក លោក Kim បានព្រងើយកន្តើយនឹងការអំពាវនាវម្តងហើយម្តងទៀតរបស់លោក Trump ក្នុងការបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់ឡើងវិញ ដូចដែលលោកបានធ្វើអំឡុងពេលអាណត្តិទីមួយឆ្នាំ ២០១៧-២០២១ របស់លោក ទោះជាជំនួបកំពូលនៅពេលនោះមិនបានសម្រេចកិច្ចព្រមព្រៀងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដោយ៕

You might also like