គណៈប្រតិភូកម្ពុជា បានអញ្ជើញដល់ម៉ាឡេស៊ី ត្រៀមចូលរួមកិច្ចប្រជុំលើកទី៣ UNCLOS កម្ពុជា និងថៃ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររាជរដ្ឋាភិបាល អមដោយលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមចរចា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាភ្នាក់ងាររង បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់ ចូលរួមកិច្ចកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ររវាងកម្ពុជាកម្ពុជា និងថៃ។
តាមរយៈ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល» នៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា គណៈប្រតិភូ និងក្រុមការងារផ្នែកច្បាប់កម្ពុជាបានអញ្ជើញដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីហើយ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) រវាងកម្ពុជានិងថៃ។
ឯកឧត្ដម ប៉ែន បូណា ថ្លែងថា កិច្ចប្រជុំនេះ គឺជាជំហានវិជ្ជមានមួយទៀត ក្នុងដំណើរការដោយសន្តិវិធីដែលផ្តួចផ្តើមដោយកម្ពុជាដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជានិងថៃ។ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការនិងភាគីទាំងពីរនឹងបន្តពិភាក្សាអំពីការកំណត់ព្រំដែនសមុទ្រដោយផ្តោតសំខាន់លើទិដ្ឋភាពបច្ចេកទេស។ កិច្ចប្រជុំនេះក៏នឹងផ្ដល់ឱកាសក្នុងការស្វែងរកបន្ថែមទៀតនូវចំណុចរួម និងការឯកភាពគ្នា។ តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានដល់ការចុះសន្ធិសញ្ញាជាមួយប្រទេសថៃដើម្បីកំណត់ព្រំដែនសមុទ្រតែមួយរវាងរដ្ឋទាំងពីរ ឬឈានទៅដល់កិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជាស្ថាពរអំពីព្រំដែនសមុទ្រ។
ឯកឧត្ដម ប៉ែន បូណា ថ្លែងបន្តថា ក្នុងករណីដែលជម្រើសទាំងនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការរៀបចំអនុសាសន៍ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។ នេះជាកិច្ចប្រជុំលើកទី៣ហើយ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៅសិង្ហបុរី កាលពីខែកញ្ញា និងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីខែតុលា។
កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះវិធានការកសាងទំនុកចិត្តដែលបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំលើកទី២នៅទីក្រុងឡាអេ ហើយកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ដោយឈរលើស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ហើយរំពឹងថា នឹងធ្វើការរួមគ្នាជាមួយគណៈកម្មការនិងភាគីថៃ ដើម្បីឈានទៅរកលទ្ធផលមួយដ៏យុត្តិធម៌ និងស្ថិតស្ថិរយូរអង្វែង។
គួរឱ្យដឹងថា កិច្ចប្រជុំលើកទី៣នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ខណៈ លើកទី១ ធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី, លើកទី២ ធ្វើឡើងនៅចន្លោះថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព នាទីទីក្រុងឡាអេ ប្រទេសហូឡង់។ កិច្ចប្រជុំលើកទី២ ភាគីទាំងពីរបានឯកភាពគ្នាលើ វិធានការកសាងទំនុកចិត្ត ដើម្បីពង្រឹងជំនឿទុកចិត្ត និងបង្កបរិយាកាសអំណោយផលដល់ដំណើរការផ្សះផ្សា។
សូមបញ្ជាក់ថា ដំណើរការនៃគណៈកម្មការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) លើបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញា UNCLOS ឆ្នាំ១៩៨២ ត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីភាគីថៃ បានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU-2001) ជាឯកតោភាគី។ យន្តការនេះមិនមែនជាតុលាការកាត់ក្តីរកអ្នកឈ្នះឬចាញ់នោះទេ ហើយរបាយការណ៍ដែលគណៈកម្មការត្រូវរៀបចំក្នុងរយៈពេល ១២ខែ ដោយរំពឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២៧។ យន្តការនេះ ក៏ពុំមានលក្ខណៈបង្ខំជាសាលក្រមឡើយ ប៉ុន្តែវាដើរតួជាមូលដ្ឋានឯករាជ្យដ៏សំខាន់សម្រាប់ឱ្យកម្ពុជា និងថៃ ប្រើប្រាស់ក្នុងការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងព្រំដែនសមុទ្ររួមគ្នា៕






