កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
(ភ្នំពេញ)៖ កងទ័ពកម្ពុជា និងចិន ធ្វើសមយុទ្ធរួមគ្នាលើកទី៨ ក្នុងទ្រង់ទ្រាយធំរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌»។
សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹងចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ សមយុទ្ធនេះ ក៏ផ្ដោតសំខាន់លើការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះដែរ។






