វិចិត្រករ គូររូបជូន ! សម្ដេចនាយករដ្ឋមន្ត្រី ហៅថាជា«គំនូរតំណាងឱ្យស្មារតីរួបរួមជាតិ»
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណលោក អុិន ប៊ុនរតនៈ ជាវិចិត្រករ ដែលបានគូររូបគំនូរដ៏ស្អាត និងមានអត្ថន័យមួយផ្ទាំងជូនសម្តេច។ សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុករូបគំនូរនេះ «តំណាងឱ្យស្មារតីរួបរួមជាតិខ្មែរក្នុងបុព្វហេតុជាតិ និងប្រជាជន»…។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើហ្វេសប៊ុកផ្ទាល់ខ្លួននៅរាត្រីថ្ងៃទី២៩សីហា ឆ្នាំ២០២៥ នេះថា«ក្នុងរូបគំនូរនេះ គឺមានរូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ រូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចាបទឈប់បាញ់ហើយបែរខ្នងទៅកងទ័ព និងមានរូបប្រជាពលរដ្ឋខ្មែរជាច្រើនពេញផ្ទៃគំនូរ»។ បើផ្អែកតាមសំណេររបស់សម្ដេចដដែល ជាងគំនូរបានប្រាប់ភរិយារបស់សម្តេច អំពីអត្ថន័យនៃគំនូរថា រូបប្រជាពលរដ្ឋជាច្រើនពេលផ្ទៃគំនូរ គឺតំណាងទឹកដី និងប្រជាជនខ្មែរនៅទូទាំងប្រទេស។ ចំណែកឯ រូបកងទ័ពឈរជាជួរបែរខ្នងដាក់សម្តេច គឺតំណាងឱ្យវីរកងទ័ព និងវីរនគរបាលជាតិ ដែលពេលនោះកំពុងប្រយុទ្ធនៅលើសមរភូមិ ក្នុងបុព្វហេតុការណ៍ពារជាតិ ទឹកដី និងប្រជាជនកម្ពុជា។
ដោយឡែក រូបភាពសម្តេចនាយករដ្ឋមន្ត្រី កំពុងឈរកាន់ឯកសារក្រោយចរចាបទឈប់បាញ់ថ្ងៃទី២៨កក្កដា នៅប្រទេសម៉ាឡេស៊ី បែរខ្នងទៅកងទ័ព គឺតំណាងឱ្យរាជរដ្ឋាភិបាលដែលខិតខំស្វែងរកសន្តិភាព និងការពារអាយុជីវិតវីរកងទ័ព និងប្រជាជន កុំឱ្យបន្តស្លាប់ដោយការប្រយុទ្ធគ្នា ដូចដែលបានកើតមានក្នុងរយៈពេល៥ថ្ងៃ៥យប់កន្លងទៅ(២៤-២៨ កក្កដា ២០២៥)។ សម្តេចជឿថា ប្រជាពលរដ្ឋទូទាំងប្រទេសប្រហែលជាអាចនៅចាំ អារម្មណ៍មួយនេះ ទោះជាការប្រយុទ្ធគ្នាបានបញ្ចប់រយៈមួយខែមកហើយ។ សម្តេចរំឭកដល់ថ្ងៃនោះថា «ខ្ញុំនៅចាំបានថា ថ្ងៃទី២៨កក្កដា នោះមានបងប្អូនខ្មែរយើងច្រើននាក់ណាស់ដែលមិនចូលគេង ដោយនៅចាំមើលថាតើម៉ោង១២យប់នោះពិតជាឈប់បាញ់គ្នាមែនឬទេ? ហើយមានបងប្អូនខ្លះ ឆ្ងល់ដោយអន្ទះសាថា ហេតុអ្វីចាំបាច់ត្រូវចាំដល់ម៉ោង១២យប់ បានឈប់បាញ់គ្នា។ ហេតុអ្វីមិនឈប់ភ្លាមទៅ នៅចាំដល់ណាទៀត?»។ នេះគឺឃ្លាចុងបញ្ចប់នៃសំណេររបស់សម្តេចនាយករដ្ឋមន្ត្រី៕






