គណបក្សប្រជាជនថៃ កាន់កូនសោរ សម្រាប់តំណែងនាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសថៃ

អនាគតនយោបាយរបស់ប្រទេសថៃ ស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈគណបក្សប្រជាជនថៃជាបក្សប្រឆាំងដែលមានអាសនៈសភាចំនួន ១៤៣ បានលេចធ្លាជាបក្សសម្រាប់បង្គ្រប់សំឡេងបង្កើតរដ្ឋាភិបាលដ៏ធំបំផុត បន្ទាប់ពីតុលាការធម្មនុញ្ញដកតំណែងលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra កាលពីថ្ងៃទី ២៩ ខែសីហា។
មេដឹកនាំគណបក្ស ភូមិចៃថៃ (Bhumjaithai) លោក អានុទិន ឆានវីរ៉ាគុល (Anutin Charnvirakul )វ័យ៥៨ ឆ្នាំបានបោះជំហានយ៉ាងឆាប់រហ័សដើម្បីទទួលបានការគាំទ្រពីបក្សប្រជាជនថៃ ដោយទទួលយកការទាមទារសំខាន់ៗរបស់ពួកគេក្នុងការរំលាយសភាក្នុងរយៈពេល ៤ ខែ ខណៈគណបក្សកាន់អំណាច ភឿថៃ (Pheu Thai Party) កំពុងប្រជែងគ្នាដើម្បីរក្សាអំណាចដោយស្នើអ្នកនយោបាយជើងចាស់ លោក ឆៃកាសេម និទិស៊ីរិ (Chaikasem Nitisiri ) ជាបេក្ខជននាយករដ្ឋមន្ត្រី និងពន្លឿនពេលវេលាសម្រាប់ពង្រាងរដ្ឋធម្មនុញ្ញថ្មី។
លោក Anutin បានប្រកាសភ្លាមៗថាខ្លួនបានត្រៀមជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣២ របស់ប្រទេសថៃ ដោយអះអាងថារូបលោកបានត្រៀមខ្លួនសម្រាប់តួនាទីនេះតាំងពីឆ្នាំ ២០១៩ ។ ការលើកឡើងយ៉ាងឆាប់រហ័សរបស់លោកបង្ហាញពីការរៀបចំជាមុន ខណៈលោកបានចាប់ផ្តើមចរចារភ្លាមៗដើម្បីទទួលបានការគាំទ្រពីបក្សប្រជាជនថៃ ដោយទទួលយកគ្រប់លក្ខខណ្ឌដែលដាក់ដោយប្រធានគណបក្ស លោក ណាតាផុង រឿងប៉ាន់យ៉ាវុធ (Nattaphong Ruangpanyawut) ៕

You might also like