សេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការផ្សព្វផ្សាយ អំពីករណីលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃ ) របស់ស្ត្រីម្នាក់នៅចំណុចផ្លូវលេខ២៧៣ កែងផ្លូវរទេះភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក និងមានការផ្សព្វផ្សាយនគរបាលប៉ុស្តិ៍មិនទទួលពាក្យបណ្តឹង!!!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបញ្ជាក់ចំពោះករណីនេះ ដោយផ្អែកតាមរបាយការណ៍បំភ្លឺរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឲ្យដឹងថា នៅថៃ្ងទី១៧ ខែតុលា ឆ្នាំ២០២៦វេលាម៉ោង២០និង៥៨នាទីយប់ ត្រង់ចំណុចលើផ្លូវលេខ២៧៣ កែងផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទ ) ដោយជនសង្ស័យមា្នក់ធ្វើដំណើរដោយថ្មើរជើងបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ ឈ្មោះ សុផល សម្ជស្សបុប្ឆា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់កាបូប កំពុងជិះកង់អាគុយ ដែលបានដាក់ទូរស័ព្ទក្នុងហោប៉ាវខាងស្ដាំ បន្ទាប់មកជនសង្ស័យរត់គេចខ្លួនចូលតាមបណ្ដោយផ្លូវរទេះភ្លើងបាត់ទៅ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានជិះផាស់អាប់ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីដាក់ពាក្យបណ្ដឹង ពេលជនរងគ្រោះទៅដល់ក៏បានជួបលោកអនុសេនីយ៍ឯក គង់ ណារ៉ូ តួនាទីនាយរងប៉ុស្ដិ៍ ក្រោយពេលធ្វើការសាកសួររួចទើបដឹងថាករណីខាងលើកើតហេតុនៅសង្កាត់បឹងកក់ទី១ ទើបលោកនាយរងប៉ុស្ដិ៍បានណែនាំឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នឹងចាំអោយមន្រ្ដីរបស់ខ្លួនជូនទៅ។ ប៉ុន្ដែដោយសារពេលនោះមេឃកំពុងភ្លៀង លោកនាយរងប៉ុស្ដិ៍បានណែនាំឲ្យជនរងគ្រោះរងចាំសិន។
លុះរយៈពេលប្រហែល២០នាទី មានបងស្រីរបស់ជនរងគ្រោះបានជិះរថយន្ដជាមួយបុរសម្នាក់មកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ និងបានសួរនាំជាមួយលោកនាយរងប៉ុស្ដិ៍ បានបន្ដិចក៏នាំជនរងគ្រោះឡើងរថយន្ដជិះចេញទៅបាត់ រួចបានទៅរកអ្នកសារព័ត៌មានឲ្យធ្វើការផ្សព្វផ្សាយករណីខាងលើតែម្ដង។
លុះដល់ប្រហែលម៉ោង០០និង០៥នាទីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ជនរងគ្រោះក៏បានត្រឡប់មកប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី២វិញ ជាមួយនឹងក្រុមអ្នកសារព័ត៌មាន ។ ពេលមកដល់ក៏បានជួបនឹងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ពេលនោះលោកនាយប៉ុស្ដិ៍ក៏បានប្រាប់ថាករណីខាងលើកើតហេតុនៅសង្កាត់បឹងកក់ទី១នោះទេ បន្ទាប់មកលោកនាយប៉ុស្ដិ៍ក៏បានឲ្យមន្រ្ដីរបស់ខ្លួនជូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ខណៈនោះមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ក៏បានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចរាល់និងក៏បាននាំជនរងគ្រោះចុះទៅចង្អុលបង្ហាញនៅកន្លែងកើតហេតុផងដែរ ។
ករណីឆក់ទូរស័ព្ទខាងលើ បច្ចុប្បន្ននេះ កម្លាំងជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីឈានទៅតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕






