លោក Modi ប្រាប់លោក ស៊ី ជីនពីង ថាឥណ្ឌាប្តេជ្ញាចំពោះការធ្វើឱ្យទំនាក់ទំនងប្រសើរឡើង ជាមួយចិន
ធានជីន៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បាននិយាយថា ទីក្រុងញូវដែលីប្តេជ្ញាចំពោះការធ្វើឱ្យប្រសើឡើងវិញ នូវទំនាក់ទំនងជាមួយទីក្រុងប៉េកាំង អំឡុងកិច្ចប្រជុំសំខាន់មួយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃអាទិត្យ ទី៣១ ខែសីហា ស្របពេលដែលមហាយក្សអាស៊ីទាំងពីរ ព្យាយាមដោះស្រាយការខ្វែងគំនិតគ្នា ដែលបង្កឡើងដោយវិវាទព្រំដែនច្រើនឆ្នាំមកហើយ។
ជំនួបទ្វេភាគីរវាងលោក Modi និងលោក ស៊ី គឺកើតមានឡើង ៥ថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធដល់៥០ភាគរយ ពោលគឺគុណនឹងពីរ ទៅលើទំនិញដែលនាំចូលពីឥណ្ឌា ក្រោមហេតុផល ដោយសារទីក្រុងញូវដែលីនៅតែបន្តទិញប្រេងពីរុស្ស៉ី។ បើតាមក្រុមអ្នកវិភាគ លោក ស៊ី និងលោក Modi កំពុងព្យាយាមស្តែងឱ្យឃើញពីការរួបរួមសាមគ្គីគ្នា ប្រឆាំងសម្ពាធរបស់លោកខាងលិច។
លោក Modi កំពុងស្ថិតនៅប្រទេសចិនជាលើកដំបូង គិតក្នុងរយៈពេល៧ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូល២ថ្ងៃ នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin រួមជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ព្រមទាំងបណ្តាមេដឹកនាំបរទេសជាច្រើនរូបទៀត មកពីតំបន់អាស៊ីកណ្តាល អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា ក្នុងការបង្ហាញមួយនូវសាមគ្គីភាពនៃក្រុមប្រទេសលោកខាងត្បូង។ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំនោះ លោក Modi បានជួបពិភាក្សា ជាមួយលោក ស៊ី៕






