ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១១

នាថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាសហប្រធានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១១ ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលការងារក្នុងខែសីហា និងផែនការសកម្មភាពសម្រាប់ខែកញ្ញា របស់ក្រសួងនីមួយៗ និងដំណើរការនៃលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ។
សូមជម្រាបថា កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារ និងលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យជាច្រើនរូប។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាអំពីបេក្ខភាពសហគមន៍ដែលបានស្នើបន្ថែមសម្រាប់ជាសហគមន៍គោលដៅអន្តរាគមន៍ត្រី-វិស័យឆ្នាំ២០២៥ ព្រមទាំងពិភាក្សាលើការត្រៀមលក្ខណៈរៀបចំក្រុមការងារសហការជាមួយក្រុមការងារ CAPRED សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ត្រី-វិស័យ និងត្រៀមលក្ខណៈលើការរៀបចំសេចក្តីព្រាងផែនការ ៣ឆ្នាំរំកិល ២០២៦-២០២៨ ដើម្បីត្រៀមដាក់ស្នើសុំសេចក្តីសម្រេចរបស់ឯកឧត្តមរដ្ឋមន្ត្រីទាំង៣ ក្នុងកិច្ចប្រជុំលើកទី៥ នាពេលខាងមុខ៕

You might also like