បំបែកករណីកំហែងយក និងសម្លាប់មនុស្ស ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំបែកករណីកំហែងយក និងបណ្ដាលឲ្យមនុស្សស្លាប់មួយករណីនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយប្រតិ្តបត្តិការណ៍នេះ ប្រើពេលត្រឹមតែ ៤ម៉ោងតែប៉ុណ្ណោះ។
ក្នុងប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២២៖២០នាទី កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលដំណឹងថា មានករណីកំហែងយកបណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅផ្ទះលក់អេតចាយមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្រោយពីការស្រាវជ្រាវ និងសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ភេទប្រុស និងដកហូតវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទ ៤គ្រឿង ហិបដែកសុវត្ថិភាព ម៉ូតូ ២គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ចំណែកឯជនរងគ្រោះមានឈ្មោះ ង៉ូវ ឡុង ភេទប្រុស កើតឆ្នាំ ១៩៤២ ជនជាតិខ្មែរ និងជនសង្ស័យ សរុប ៣នាក់ ជនជាតិខ្មែរ។ សម្ភារបាត់បង់ ប្រាក់ប្រមាណ ២៤លានរៀល និងទូរស័ព្ទ ៣គ្រឿង។ ក្នុងករណីនេះ សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី៕

You might also like