ពលករខ្មែរ ១៦ នាក់ ត្រូវទាហានថៃចាប់ខ្លួន ពីបទឆ្លងដែនខុសច្បាប់

ប្រទេសថៃ ៖ ជនជាតិខ្មែរចំនួន ១៦ នាក់ ដែលក្នុងនោះមានប្រុសចំនួន ១១ នាក់ និងស្រី ៥ នាក់ ត្រូវបានទាហានថៃចាប់ខ្លួន ខណៈដែលពួកគេបានលោតឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ ដើម្បីរកការងារធ្វើ។

ឃាត់ខ្លួននេះបានធ្វើឡើង នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុច ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ខណៈដែលកម្លាំងយោធាកងរយលេខ ១២០៤ កំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនក៏បានប្រទះឃើញពលករខ្មែរទាំងនោះកំពុងពួនសម្ងំនៅក្នុងចំការអំពៅ។
ក្រោយពីបានសាកសួរពួកគេបានសារភាពថា កន្លងមកពួកគេធ្លាប់ធ្វើការជាកម្មករសំណង់នៅក្នុងប្រទេសថៃ។ ក្រោយពីត្រឡប់ទៅកាន់លំនៅដ្ឋានមួយរយៈក៏បានបបួលគ្នា ចូលទៅប្រទេសថៃវិញដើម្បីរកការងារធ្វើបន្ត ដោយជួលមេខ្យល់នាំផ្លូវក្នុងម្នាក់ ៦.០០០ បាត ប៉ុន្តែពួកគេបានប្រគល់លុយឲ្យមេខ្យល់មុនក្នុងម្នាក់ត្រឹមតែ ១.៥០០ បាតតែប៉ុណ្ណោះលុះត្រាតែដល់ទីតាំងធ្វើការទើបឱ្យលុយបង្គ្រប់ តែក៏ត្រូវចាប់ខ្លួនតែម្ដង។ ដោយឡែកមេខ្យល់បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីបានសាកសួរនិងត្រួតពិនិត្យរួចមក កម្លាំងយោធាបានបញ្ជូនពលករខ្មែរទាំងអស់ទៅកាន់ស្នាក់ការកងរយលេខ ១២០៤ ដើម្បីសាកសួរបន្តមុននឹងបញ្ជូនទៅអធិការដ្ឋានតម្រួតនៅស្រុកអារញ្ញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

You might also like