ចារកម្មកូរ៉េខាងត្បូង ៖ ទាហានកូរ៉េខាងជើងប្រហែល២០០០នាក់ បានស្លាប់ ក្នុងការជួយរុស្ស៉ីប្រយុទ្ធជាមួយអ៊ុយក្រែន
(សេអ៊ូល)៖ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង នាថ្ងៃអង្គារ ទី២ ខែកញ្ញា បាននិយាយថា ទាហានកូរ៉េខាងជើងសរុបប្រហែល ២០០០នាក់ ដែលត្រូវបានដាក់ពង្រាយទៅជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន គឺបានស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីខែមេសាកន្លងទៅ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង NIS បាននិយាយថា តួលេខទាហានកូរ៉េខាងជើង ដែលស្លាប់ក្នុងសង្រ្គាម ត្រូវបានប៉ាន់ស្មានថា មានចំនួនយ៉ាងហោច៦០០នាក់ ប៉ុន្តែផ្អែកលើវាយតម្លៃថ្មីចុងក្រោយ តួលេខនេះបានកើនដល់ប្រមាណជា ២០០០នាក់។
ចារកម្មកូរ៉េខាងត្បូងនិងលោកខាងលិច ធ្លាប់បានអះអាងថា កូរ៉េខាងជើងបានបញ្ជូន កងទ័ពរបស់ខ្លួនច្រើនជាង១០ ០០០នាក់ទៅរុស្ស៉ី កាលពីឆ្នាំ២០២៤ ដែលជាចម្បងគឺទៅតំបន់ Kursk រួមជាមួយគ្រាប់កាំភ្លើងធំ មីស៉ីល និងប្រព័ន្ធបាញ់រ៉ុក្កែតចម្ងាយឆ្ងាយ។ បើតាមទីភ្នាក់ងារ NIS ទីក្រុងព្យុងយ៉ាង ក៏បានគ្រោងបញ្ជូនទាហាននិងយោធិនវិស្វកម្មសរុបខ្ទង់ ៦០០០នាក់ទៀត ទៅរុស្ស៉ីផងដែរ ខណៈ១០០០នាក់ បានទៅដល់រួចហើយ។
គួរបញ្ជាក់ថា កូរ៉េខាងជើង ទើបតែបានទទួលស្គាល់ជាផ្លូវការ អំពីការបញ្ជូនកងទ័ពទៅគាំទ្រសង្រ្គាមរបស់រុស្ស៉ី កាលពីខែមេសាប៉ុណ្ណោះ ហើយក៏បានសារភាពដែរថា មានកងទ័ពបានបាត់បង់ជីវិត ក្នុងការប្រយុទ្ធគ្នា។ រុស្ស៉ីនិងកូរ៉េខាងជើង បានចុះសន្ធិសញ្ញាយោធាកាលពីឆ្នាំមុន ក្នុងនោះរួមទាំងលក្ខខណ្ឌជួយការពារគ្នាទៅវិញទៅមក អំឡុងទស្សនកិច្ចដ៏កម្រមួយរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើង៕






